ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ អញ្ជើញកាន់បិណ្ឌទី១១ នៅវត្តមង្គលវ័ន

AKP ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន បានអញ្ជើញកាន់បិណ្ឌទី១១ នៅវត្តមង្គលវន្ត ហៅវត្តថ្វាយដង្គំ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ១១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨។


បន្ទាប់ពីជួបជុំពុទ្ធបរិស័ទបងប្អូនញាតិមិត្តជិតឆ្ងាយ ធ្វើបទនមស្ការថ្វាយព្រះរតនត្រ័យ សមា​ទានសីល ព្រះសង្ឃចម្រើនព្រះបរិត្ត ទៅតាមទំនាមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនា រួចមក ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការចំណុះឱ្យក្រសួងព័ត៌មាន រួមជាមួយញាតិមិត្តជិតឆ្ងាយ បានអញ្ជើញរាប់បាត្រ ប្រគេនចង្ហាន់ និងទេយ្យវត្ថុ ដល់ព្រះសង្ឃ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ដល់បុព្វការីជន ជីដូនជីតា ញាតិការ ទាំង៧សន្ដាន ដែលបានចែកឋានទៅកាន់បរិលោកខាងមុខ សូមឱ្យមក ទទួលនូវផល្លានិសង្ឃ ដែលកូនចៅបានឧទ្ទិស ជូនតាមរយៈព្រះសង្ឃ នាបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឱ្យបានទៅសោយសុខ នៅទីស្ថានបរមសុខគ្រប់ៗជាតិ។តាមការប្រកាសរបស់គណៈកម្មការវត្តបានឱ្យដឹងថា បច្ច័យដែលបានមកពីពិធីបុណ្យ កាន់បិណ្ឌនេះសរុបបានចំនួនជាង ៧០ម៉ឺនរៀល និងប្រាក់ដុល្លារជាង ៦០០ដុល្លារអាម៉េរិក។ ក្នុងឱកាសនោះដែរឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ក៏បានប្រគេនបច្ច័យ កសាងវត្តចំនួន ៣៥ម៉ឺនរៀល ព្រមទាំងប្រគេនបច្ច័យដល់ព្រះសង្ឃ និងជូនលោកយាយជី តាជី និងក្រុមនិស្សិតដែលស្នាក់នៅក្នុងវត្តផងដែរ៕

ដោយ ប៉ាល់ សុង