ការស្ថាបនាប្រព័ន្ធលូខ្នាតធំនៅតាមបណ្តោយផ្លូវលេខ១៩៦២ សម្រេចបាន៧៤ភាគរយហើយ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ — ប្រព័ន្ធលូខ្នាតធំ ដែលមានមុខកាត់១ម៉ែត្រកន្លះ នៅតាមបណ្តោយផ្លូវលេខ១៩៦២ក្នុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ មកដល់ពេលនេះការស្ថាបនាបានសម្រេចបានប្រវែង ៦៩៥៧ម៉ែត្រ គឺស្មើនឹង ៧៤ភាគរយហើយ។


មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ការដ្ឋានដាក់លូទំហំ ១.៥ម៉ែត្រ នៅផ្លូវលេខ១៩៦២ សម្រេចដាក់លូបានប្រវែង ៦៩៥៧ម៉ែត្រ ស្មើនឹង ៧៤ភាគរយ ហើយ ហើយបណ្តាញលូថ្មីនេះ ភ្ជាប់នឹងប្រឡាយទួលសំពៅ ដើម្បីដោះស្រាយទឹកលិចភូមិឋាន ប្រជាពលរដ្ឋនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃសុក្រ ១១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះថា ផ្លូវលេខ១៩៦២នេះកន្លងមក មិនទាន់មាន ប្រព័ន្ធលូនៅឡើយទេ ដូច្នេះទើបរដ្ឋបាលរាជធានីភ្នំពេញសម្រេច ស្ថាបនាប្រព័ន្ធលូមេនេះ ក្នុងបំណងរំដោះទឹកភ្លៀងចេញពីតំបន់ផ្លូវលេខ២០១១,តំបន់ចំការព្រីងឱ្យហូរចាក់ទៅប្រឡាយទួលសំពៅ និងមួយផ្នែកទៀតរំដោះទឹកចេញពីចំណុចវត្តជុំ ទៅស្ថានីយ៍ទួលសំពៅ ដែលទើបស្ថាបនារួចមានកម្លាំងបូមខ្លាំងជាងមុន។


លោកបន្តថា ការដ្ឋានដាក់ប្រព័ន្ធលូនេះបានចាប់ផ្តើម កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧កន្លងមក មានបណ្តោយសរុបទាំងសង ខាងផ្លូវជិត១០គីឡូម៉ែត្រ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ហើយការងារនេះស្ថិតក្រោម ការត្រួតពិនិត្យបច្ចេកទេស ដោយមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ។ ពាក់ព័ន្ធនឹងការដ្ឋាននេះ មន្ត្រីរដ្ឋបាលរាជធានីបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ មានលំនៅឋា នអមសងខាងផ្លូវលេខ១៩៦២ ដែលប៉ះលើគម្រោងស្ថាបនាប្រព័ន្ធលូនេះ សុំផ្តល់កិច្ចសហការដោយរុះរើសំយាប,របងឬតូបលក់ដូរផ្សេងៗដើម្បីផ្តល់ឱ កាសឱ្យក្រុមហ៊ុនជំរុញការស្ថាបនាប្រពន្ធ័លូនេះឱ្យបានរួចរាល់តាមការគ្រោងទុក។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះរដ្ឋបាលរាជធានីភ្នំពេញ បានស្ថាបនា ប្រព័ន្ធលូទាំងតូចទាំងធំបានប្រមាណជាង៤២០គីឡូម៉ែត្រក្នុងរាជធានីភ្នំពេញ និងកំពុង ស្ថាបនាបន្តទៀត ដើម្បីធានាដល់ការនាំទឹកជំនន់ទឹកភ្លៀងចេញក្រៅក្រុងបានទាន់ពេលវេលា កាត់បន្ថយការលិចលង់ដោយជំនន់ទឹកភ្លៀវ៕

ដោយ សួស សំរិត