ការធ្វើអនាម័យ សម្អាតបរិស្ថាន បានក្លាយជាប្រធានបទយ៉ាងសំខាន់ ក្នុងកិច្ចការជំរុញវិស័យទេសចរណ៍ឱ្យកាន់តែមានសក្តានុពល

AKP កែប ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ — ជាការពិតណាស់ ការរួមគ្នាធ្វើអនាម័យ សម្អាតបរិស្ថាន នឹងធ្វើឱ្យតំបន់របស់យើង ក្លាយជាទីតាំងផ្តល់នូវផាសុកភាព និងមានភាពទាក់ទាញ ហើយការធ្វើអនាម័យក៏ជាគំរូមួយ ដើម្បីជួយដាស់តឿនដល់មហាជនទូទៅឱ្យយល់ពីតម្លៃនៃបរិស្ថានផងដែរ។

ដើម្បីកែប្រែសោភណភាពឆ្នេរកែបឱ្យកាន់តែស្រស់បំព្រងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានដឹកនាំមន្ត្រីរាជការធ្វើអនាម័យ សម្អាតបរិស្ថាន នៅចំណុចសំខាន់ៗ ពិសេសមាត់ ឆ្នេរផ្សារក្តាម និងឆ្នេរលេងទឹក។
ជាមួយគ្នានេះដែរ មហាជនបានលើកឡើងថា រមណីយដ្ឋានឆ្នេរកែប ទម្រាំបានកែប្រែសោភណភាពឱ្យមានភាពស្រស់បំព្រងដូចសព្វថ្ងៃនេះ អាជ្ញាធរក្នុងតំបន់ ពិតជាត្រូវចំណាយពេលវេលា ចំណាយកម្លាំងកាយ ចិត្ត កម្លាំងស្មារតី ពិសេសការចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ ទើបប្រែក្លាយជារមណីយដ្ឋាន មួយមានឈ្មោះបោះសំឡេង និងល្បីរន្ទឺសុសសាយពេញផ្ទៃប្រទេស និងលើពិភពលោក។

លើសពីនេះថ្វីត្បិតខេត្តកែប បានទទួលជ័យលាភីផ្ការំដួលបីទងពីរឆ្នាំជាប់គ្នាក៏ពិតមែន ប៉ុន្តែគេនៅតែកត់សម្គាល់ឃើញ អាជ្ញាធរនិងជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ខិតខំ យកចិត្តទុកដាក់ សហការដើម្បីកែប្រែសោភណភាពជាបន្តបន្ទាប់ ពិសេសការធ្វើអនាម័យ សម្អាតបរិស្ថាននៅគ្រប់ទិសទី ដូចជានៅតាមសួនច្បារសាធារណៈមុខសាលាខេត្ត នៅតាមដងផ្លូវ នៅតាមមាត់ឆ្នេរកម្សាន្តនានា ពិសេសនៅចំណុចទីប្រជុំជនតែម្តង ព្រោះចំណុចខាងលើជាគោលដៅងាយប្រឈមនឹងការបោះចោលសំរាមគ្រប់ពេលវេលា ពីសំណាក់ក្រុមអ្នកទេសចរ ហើយកម្រិតបរិមាណសំរាមវានឹងកំណើនឥតឈប់ឈរ ខណៈដែលអាជ្ញាធរឬជំនាញមានភាពព្រងើយកន្តើយនោះ។ កន្លងមកគេតែងតែសង្កេត ឃើញប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរមួយចំនួនតូច ពួកគេច្រើនតែបោះចោលសំរាមរប៉ាត់ រប៉ាយនៅតាមចិញ្ចើមផ្លូវសាធារណៈ ឬតាមដងផ្លូវដែលពួកគាត់បានធ្វើដំណើរឆ្លងកាត់ និងនៅតាមមាត់ឆ្នេរ ហើយការបោះចោលសំរាមពាសវាលពាសកាលបែបនេះ ដោយសារពួកគាត់ពុំទាន់មានការយល់ដឹងពីបញ្ហាបរិស្ថាននៅឡើយ។

ប៉ុន្តែរហូតមកដល់ដំណាក់កាលចុងក្រោយនេះ ពលរដ្ឋគ្រប់វ័យ ក៏ដូចជាស្រទាប់ យុវជនពិតជាមានការយល់ដឹងពីបរិស្ថាន គាប់ជួនបច្ចុប្បន្នអាជ្ញាធរបានធ្វើការផ្សព្វផ្សាយ យ៉ាងទូលំទូលាយពីកត្តាចម្បងនៃបរិស្ថានធម្មជាតិឬការរស់នៅស្អាត ហូបស្អាត ផឹកស្អាត ទើបគេបានផ្តោតការយកចិត្តទុកដាក់ពីកត្តាអនាម័យ លើបញ្ហាសំរាម និងកាកសំណល់ ហើយក៏បានប្រែក្លាយទៅជាប្រធានបទដ៏ក្តៅគគុក សម្រាប់ជំរុញឱ្យសាធារណជន បានយល់ដឹង និងជួយសហការ គាំទ្រដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប កន្លងមកឯកឧត្តម តែងជំរុញដល់មន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ ដើម្បីរួមគ្នាគិត​ រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ រាល់គ្រប់សកម្មភាពទាំងឡាយដែលកំពុងប្រឈម ពិសេសគឺផ្នែកបរិស្ថានតែម្តង ព្រោះតែ ខេត្តកែបជាខេត្តទេសចរណ៍ ដ៏ស្រស់ត្រកាលជាប់ឈ្មោះល្បីល្បាញជាច្រើនតំណទើប អាជ្ញាធរត្រូវតែខិតខំស្តារនូវហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាងសម្រាប់ឆ្លើយតបនឹងតម្រូវការ ដោយមិនអាចធ្វេសប្រហែសបានឡើយ។

ដូច្នេះដើម្បីជួយជំរុញវិស័យទេសចរណ៍ក្នុងខេត្តកែប ឱ្យកាន់តែមានសក្តានុពល ខ្លាំងក្លាថែមទៀត យើងទាំងអស់គ្នាគប្បីសហការជួយថែរក្សាសោភណភាពឆ្នេរកែបឱ្យ បានស្រស់ត្រកាលជារៀងរហូត ហើយសូមកុំបោះចោលសំរាម ឬកាកសំណល់ផ្តេសផ្តាស សូមជួយវេចខ្ចប់សំណល់ទាំងឡាយ ដាក់ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ៕

ដោយ ប្រាក់ លាង