សម្ដេចតេជោ៖ «គុណភាពគ្រូ ជាគុណភាពមូលធនមនុស្សសម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព» គឺជាប្រធានបទដ៏មានសារៈសំខាន់

AKP ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រ​សា​ស​ន៍​​នៅក្នុងទិវាគ្រូបង្រៀន ថា ប្រធានបទ«គុណភាពគ្រូ ជាគុណភាពមូលធនមនុស្ស សម្រាប់​កា​រ​​អភិ​វឌ្ឍ​ប្រកបដោយចីរភាព» គឺជាប្រធានបទដ៏មានសារៈសំខាន់ ក្នុងការបណ្ដុះបណ្ដាល​ធន​ធា​នមនុស្សនៅកម្ពុជា។ក្នុងទិវាគ្រូបង្រៀន ៥ តុលា លើកទី២១ ក្រោមប្រធានបទ ដែលមានការចូលរួម​រប​ស់​លោ​​​ក​គ្រូ អ្ន​ក​គ្រូ ប្រមាណ១៣០០នាក់ដែលមកពីបណ្ដារាជធានី ខេត្ត នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ នៅ​វិទ្យាស្ថានជាតិអប់រំ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ ថ្លែង អំ​ណ​រគុណ​ចំពោះក្រសួងអប់រំយុវជន និងកីឡា ដែលតែងតែរៀបចំពិធីអបអរ សាទរទិវា គ្រូបង្រៀន​ជាប់​ជានិច្ចក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បាន​មា​ន​ប្រ​សា​​សន៍ថា ទិវាគ្រូបង្រៀនឆ្នាំនេះ គឺជាលើកទី២១ ហើយតាមរយៈប្រធាន បទឆ្នាំនេះ គឺពិតជា​មានតម្លៃខ្លាំងណាស់សម្រាប់គ្រូបង្រៀន ទាំងអស់ក្នុងការបង្ហាញពីតម្លៃ គ្រូង្រៀន​ដែលបាន​ចូ​ល​​រួមក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។

សម្តេចតេជោ បានមានប្រសាសន៍រម្លឹកពី​ជីវិត​គ្រូ​បង្រៀនក្នុងអតីតកាលគឺមិនមាន ការអភិវឌ្ឍរីកចម្រើនអ្វីនោះទេ ជាពិសេសនៅ​ក្នុងរបប​ប្រ​ល័យ​ពូជសាសន៍ ប៉ុល ពត ដែលពេលនោះ គ្រូបង្រៀនត្រូវបាន​យកទៅកាប់​សម្លាប់​ចោល​ប៉ុន្តែ​ក្រោយ​ពីប្រទេសជាតិ ទទួលបាននូវសុខសន្តិភាពដូចសព្វថ្ងៃនេះ ជីវិតគ្រូបង្រៀនត្រូវបាន​អភិ​វឌ្ឍ​​រីកចម្រើន​ជាបន្តបន្ទាប់។ ផ្តើមចេញពីការអនុវត្តអ្នកចេះច្រើន បង្រៀនអ្នកចេះតិច និង​អ្នក​ចេះតិច បង្រៀនអ្នកមិនចេះសោះដែលធ្វើឱ្យការបង្រៀនរបស់យើងមាន ការរីកចម្រើន​រហូ​​តដល់ពេលនេះ។

បច្ចុប្បន្ននេះ គ្រូបង្រៀនត្រូវបានយកចិត្តទុកដាក់ ដោយប្រាក់បៀវត្សរ៍ រ​ប​​ស់គ្រូបង្រៀនត្រូវបានតម្លើងជាបន្តបន្ទាប់ និងអាគារស្នាក់នៅតាមបណ្តាលខេត្តនានាក៏​ត្រូវ​បា​នកសាងជាច្រើនខ្នងផងដែរ។ នៅក្នុងឱកាសនេះទិវាគ្រូបង្រៀននេះផងដែរ សម្តេច​តេ​ជោ​នា​យករដ្ឋមន្ត្រី បានផ្តល់នូវពានរង្វាន់លើកទឹកចិត្តសម្រាប់ លោកគ្រូ អ្នកគ្រូ ដែលបានទទួល​ជ័​យ​លាភីផ្នែកប្រឡង តែងនិពន្ធ និងសូត្រកំណាព្យ ដោយផ្នែសូត្រកំណាព្យលេខ១ ទទួល​បា​ន​​ថវិកាចំនួន៥លានរៀល , លេខ២ ទទួលបានថវិកា៤លានរៀល និងលេខ ៣ទទួលបាន​ថ​វិ​កា​​៣លានរៀល។ ចំណែកឯផ្នែកតែងនិពន្ធវិញ លេខ១ទទួលបាន ៥លានរៀល , លេខ​២​ទទួ​ល​បាន៤លានរៀល និងលេខ៣ ទទួលបាន៣លានរៀល។

គួរបញ្ជាក់ដែរថា ទិវាគ្រូបង្រៀន ៥ តុលា ត្រូវបានបង្កើត​ឡើងក្រោមគំនិតផ្តួចផ្តើម​របស់​សម្តេច​តេជោ ហ៊ុន សែ​ន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាំងពីឆ្នាំ១៩៩៧ ក្នុង​គោល​បំណងបំផុស​ឡើ​ង​វិញ នូវវប្បធម៌ និងប្រពៃណីនៃការរម្លឹកគុណូបការៈដ៏ថ្លៃថ្លា​របស់​សិ​ស្ស​ ចំពោះគ្រូបង្រៀន​នៅ​ទូទាំងប្រទេស។ ជាងនេះទៅទៀតទិវាគ្រូបង្រៀនធ្វើឡើង ដើម្បីរំម្លឹក​ពី​គុណបំណាច់​រប​ស់​គ្រូ​បង្រៀន ដែលបានខិតខំ អំណត់ព្យាយាមក្នុងការបំពេញភារកិច្ចជា​អ្នក​បណ្តុះ​បណ្តាលដើម្បី​ផ្ទេរនូវចំណេះដឹងដ៏មានតម្លៃនៃវិទ្យាសាស្រ្តបច្ចេកវិទ្យា ព្រមទាំងទូន្មាន​គ្រ​​ប់​​កម្រិតឱ្យសិស្សានុ​សិ​ស្សធ្វើតែអំពើល្អ ស្គាល់ខុសត្រូវគោរពចាស់ទុំ។ តាមគំនិតថ្មីនៃ​ការ​អប់​​រំ គឺរៀនដើម្បីមាន​ចំ​ណេះ​ដឹង រៀនដើម្បីមានចំណេះធ្វើ រៀនដើម្បីមានសីលធម៌ល្អ និង​រៀន​ដើម្បីរួមរស់នៅជា​មួ​យ​គ្នា​​ប្រកបដោយភាពសុខដុមផងដែរ៕

ដោយ ជឹម ណារី