មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ ជំរុញយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចែករំលែកព័ត៌មានពីវិស័យទេសចរណ៍ ដល់យុវជនប្រទេសដទៃឱ្យបានទូលំទូលាយ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ — មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ ទទួលជួបគណៈប្រតិភូយុវជន អាស៊ីអាគ្នេយ៍កម្ពុជា ដើម្បីបង្ហាញនូវបទពិសោធន៍ និងផ្ដល់ព័ត៌មានជាច្រើនដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ដើម្បីឱ្យក្រុមយុវជនយកទៅផ្សព្វផ្សាយ និងចែករំលែកបន្តនូវព័ត៌មាន ស្តីពីវិស័យទេសចរណ៍ នៅកម្ពុជាឱ្យបានទូលំទូលាយ ជាមួយនឹងក្រុមយុវជននៃប្រទេសដទៃដែលបានចូលរួមជា មួយគ្នា។ នេះបើយោងតាម បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ក្រសួងទេសចរណ៍។
ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបង្ហាញនូវសុទិដ្ឋិនិយម កាលពីរសៀលថ្ងៃទី​០៤​ ខែតុលា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងទេសចរណ៍ថា ប្រតិភូយុវជន អាស៊ីអាគ្នេយ៍កម្ពុជា នឹងយកព័ត៌មានល្អៗទាំងអស់នោះទៅផ្សព្វផ្សាយ និងចែករំលែកដល់ ក្រុមយុវជននៃប្រទេសអាស៊ានដទៃ និងប្រទេសជប៉ុនផងដែរ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងចំណេះដឹងឱ្យគ្នាទៅវិញទៅមកឱ្យបានទូលំទូលាយ។ ឯកឧត្តម ទិត ចន្ថា បន្តថា ក៏ជាអតីតយុវជនកម្ពុជាមួយរូប ធ្លាប់ចូលរួមជាមួយកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុននេះ កាលពីឆ្នាំ១៩៩២ ផងដែរ ហើយឯកឧត្តមក៏បាន បង្ហាញពីភាពខុសគ្នារវាង កម្ពុជាកាលពីជំនាន់មុន ដែលពោរពេញទៅ ដោយសង្គ្រាម និងកម្ពុជានាពេលបច្ចុប្បន្ន ដែលពោរពេញទៅដោយការអភិវឌ្ឍលើគ្រប់វិស័យ ដល់ក្រុមយុវជនខាងលើទៀត។
ឯកឧត្តមរដ្ឋលេខាធិការបានបន្តទៀតថា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាបានប្រែក្លាយខ្លួនពីប្រទេសមានសង្គ្រាម និងវាលពិឃាដទៅជាប្រទេសដែលមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ រហូតក្លាយខ្លួន ជាគោលដៅទេសចរណ៍លំដាប់ពិភពលោកប្រកបដោយភាពកក់ក្ដៅ ដែលមានទេសចរជាតិ-អន្តរជាតិមកទស្សនារាប់លាននាក់ក្នុងមួយឆ្នាំៗ។

ជាមួយគ្នានោះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ ថែមទាំងបានបង្ហាញ នូវបទពិសោធន៍ និងព័ត៌មានជាច្រើនពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ជូនដល់ប្រតិភូយុវ ជនអាស៊ីអាគ្នេយ៍កម្ពុជា ពិសេសគឺគោលដៅទេសចរណ៍សំខាន់ៗជាច្រើននៅប្រទេសកម្ពុជា ក្នុងនោះមានទាំងអត្ថបទ រូបភាព វីដេអូ ឯកសារ ចម្រៀងទេសចរណ៍ រួមទាំងខ្លឹមសារពាក់ព័ន្ធ ជាច្រើន ដើម្បីចែករំលែកបន្តដល់មិត្តភក្តិមកពីប្រទេសដទៃនៅលើនាវា និងជជែកពិភាក្សាគ្នា ផ្លាស់ប្ដូរបទពិសោធន៍គ្នាបន្តទៀតផងដែរ។


សូមបញ្ជាក់ថា ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា នឹងចេញទៅចូលរួមក្នុងកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនរយៈពេល៥២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែតុលា រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខ ហើយកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៥ ឆ្នាំ២០១៨នេះ មានក្រុមយុវជនអាស៊ាន និងជប៉ុនសរុបទាំងអស់ចំនួន ៣៣០នាក់ នឹងត្រូវជួបគ្នាមុនដំបូងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន មុននឹងចេញនាវាពីប្រទេស ជប៉ុនឆ្ពោះទៅព្រុយណេ ហ្វ៊ីលីពីន ថៃ និងវៀតណាម៕

ដោយ សាយ សុន (រូបថត៖ក្រសួងទេសចរណ៍)