កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាប្រមូលផ្តុំហ្វឹកហាត់ត្រៀមប្រកួតសាកល្បង បច្ចេកទេសអន្តរជាតិជាមួយទីម័រខាងកើត

AKP ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ — កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវបានប្រមូលផ្ដុំហ្វឹក ហាត់ជាថ្មី នៅកីឡដ្ឋានភ្នំពេញ ក្រោន កាលពីល្ងាចថ្ងៃទី០៤ ខែតុលា ដើម្បីត្រៀមប្រកួតមិត្តភាពអន្ដរជាតិជាមួយ ក្រុម ជម្រើស​ជាតិទីម័រខាងកើត នាថ្ងៃទី១២ ខែតុលា វេលាម៉ោង ៦និង៣០នាទីល្ងាច នៅពហុកីឡដ្ឋានជាតិ។ នៅក្នុងការរប្រមូលផ្ដុំហ្វឹកហាត់របស់កម្ពុជាលើកនេះដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន លោក Felix Agustin Gonzalez Dalmas ដោយមានកីឡាករ១៩នាក់ បានចូលរួមហ្វឹកហា ត់ថ្ងៃដំបូង ខណៈកីឡាករ៥នាក់ផ្សេងទៀតអវត្តមាន មិនបានចូលរួមក្នុងការប្រមូល​ផ្តុំហ្វឹក​ហាត់ នៅថ្ងៃទី១នេះឡើយ។ មូលហេតុអវត្តមាននេះគឺដោយសារសមាជិកក្រុមក្រសួង​ការពារ ជាតិ៤នាក់ ជាប់ហ្វឹកហាត់ត្រៀមប្រកួតផ្ដាច់ព្រ័ត្រពានរង្វាន់ សម្ដេចតេជោ ហ៊ុន សែន ខណៈ កីឡាករ ធារី ចន្ថាប៊ីន ក៏អវត្តមានដែរ។

ការដឹកនាំពេលប្រកួតផ្លូវការជាមួយទីម័រខាងកើតនោះ លោក Keisuke Honda គ្រោងនឹងមក ដឹក​​នាំក្រុមគោព្រៃកម្ពុជា ហើយមុនថ្ងៃប្រកួតមិត្តភាពអន្ដរជាតិនោះ លោក Honda ក៏នឹង​មកដឹកនាំការហ្វឹកហាត់មុនត្រូវប្រកួតដែរ។


គួរបញ្ជាក់ថា ការប្រមូលផ្ដុំរបស់ក្រុមគោព្រៃកម្ពុជានេះ គឺដើម្បីត្រៀមការប្រកួតមិត្តភាព អន្ដរ​ជាតិ ពោលគឺក្រោយជួបក្រុមជម្រើសជាតិទីម័រខាងកើត កម្ពុជានឹងបន្ដបើកទ្វារពហុកីឡ ដ្ឋានជាតិទទួលក្រុមជម្រើសជាតិសិង្ហបុរីក្នុងជំនួបមិត្តភាពអន្ដរជាតិដូចគ្នា នាថ្ងៃទី១៦ ខែតុលា​ ខាងមុខ ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ដែលនឹង​ឈានចូលមកដល់ នាដើមខែវិច្ឆិកា ខណៈកម្ពុជាត្រូវជួបជម្រើសជាតិម៉ាឡេស៊ីមុនគេ ក្នុងពូលA នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨៕

ដោយ ហេង ណាលីន