ក្រសួងសាធារណការ ដាក់វិធានការរឹតបន្ដឹងការត្រួតពិនិត្យលើប័ណ្ណបើកបរ និងប័ណ្ណសម្គាល់ យានយន្ដ ដើម្បីធានានូវភាពត្រឹមត្រូវក្នុងការគ្រប់គ្រងយានយន្ដ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ — ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសដាក់វិធានការរឹតបន្ដឹងការត្រួត​ពិនិត្យ​ប័ណ្ណ​បើកបរ និងប័ណ្ណសម្គាល់យានយន្ដ ស្របពេលមានការប្រើប្រាស់​ប័ណ្ណបើកបរ ក្លែង​ក្លាយ​​ច្រើន ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងបង្កើនការគ្រប់គ្រងយានយន្ដ​ឱ្យកាន់តែមាន​ប្រសិទ្ធភាព។ ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារ ណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ដោយក្នុងមួយរយៈពេលចុងក្រោយនេះ មានការ ប្រើប្រាស់ប័ណ្ណបើកបរក្លែងក្លាយ និងប័ណ្ណសម្គាល់យាន្ដជំនិះក្លែងក្លាយជាច្រើន បើទោះបីជា ក្រសួងបានរៀបចំប្រព័ន្ធ គ្រប់គ្រងតាមប្រព័ន្ធQRកូដ ដើម្បីការពារពីការក្លែងបន្លំ និងធានា​បាននូវការធ្វើប័ណ្ណបើកបរ និងប័ណ្ណសម្គាល់​យានយន្ដយ៉ាងណាក្ដី។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពីយុទ្ធនាការចុះរឹតបន្ដឹងលើការត្រួតពិនិត្យប័ណ្ណបើកបរ និងប័ណ្ណសម្គាល់យានយន្តនៅតាមដងផ្លូវជាតិលេខ១ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ឈួន វ៉ន់ បានអះអាងថា ការចុះត្រួតពិនិត្យ និងរឹតបន្ដឹងលើប័ណ្ណបើកបរ និងប័ណ្ណសម្គាល់យានយន្ដនេះ ដោយសារតែ​មើលឃើញថា អត្រាស្លាប់ និងរបួសដោយ​គ្រោះ​ថ្នាក់ចរាចរណ៍ពីមួយឆ្នាំទៅមួយឆ្នាំមានចំនួនរាប់ពាន់នាក់ ក្នុងនោះ មានអ្នកស្លាប់ដោយ​គ្រោះ​ថ្នាក់ចរាចរណ៍ក្នុងមួយថ្ងៃៗចំនួន៥នាក់ ទៅ៦នាក់។ ឯកឧត្តមបានបញ្ជាក់ថា បញ្ហាទាំងអស់ នេះគឺកំពុងតែប្រឈមខ្លាំងណាស់ចំពោះអ្នកប្រើប្រាស់ផ្លូវ ជាពិសេសអ្នកបើកបរយានយន្ដ ដែលមិនមានប័ណ្ណបើកបរ ប្រើប្រាស់ប័ណ្ណបើកបរក្លែងក្លាយ ឬ​ឯកសារសម្គាល់យានយន្ដ មិនត្រឹមត្រូវ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសាធារណការ និងដឹក​ជញ្ជូនបាននិង កំពុងយកចិត្ដទុកដាក់លើបញ្ហាទាំងនេះ ដើម្បីពង្រឹងការអនុវត្ដច្បាប់ឱ្យបានតឹងរឹងបំផុត។

ឯកឧត្តមបានលើកឡើងទៀតថា សម្រាប់វិធានការក្នុងការពង្រឹងប្រសិទ្ធភាព និងបន្ដ អនុវត្ដន៍​ចំពោះអ្នកបើកបរយានយន្ដដែលមិនទាន់មានប័ណ្ណបើកបរ និងប័ណ្ណសម្គាល់យាន យន្ដ ឱ្យស្រប​តាមច្បាប់នោះ ក្រសួងសាធារណការបានខិតខំបន្ដផ្សព្វផ្សាយអប់រំ និងជំរុញ ដល់ប្រជាពលរដ្ឋដែល​ប្រើ​ប្រាស់យានយន្ដ ត្រូវមានប័ណ្ណបើកបរ ដោយបង្កើតប្រព័ន្ធស្វ័យ​ប្រវត្ដិកម្មចុះបញ្ជីយានយន្ដ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ ជាពិសេសរៀបចំ ប្រព័ន្ធ​តាមអនឡាញ ដើម្បីដាក់ពាក្យ​សុំប្រឡងយកប័ណ្ណបើកបរបានងាយស្រួលក្នុងការ បំពេញបែបបទ ទៅប្រឡងយកប័ណ្ណបើកបរ។


យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គិត ត្រឹមខែសីហា ឆ្នាំ២០១៨នេះ មានយានយន្ដចុះបញ្ជីសរុបចំនួន៦៦២.៧៧៨គ្រឿង ហើយម៉ូតូ ចំនួន៣.៩០០.០៣៤គ្រឿង នៅទូទាំងប្រទេស។ ចំណែកអ្នកធ្វើប័ណ្ណបើកបរសម្រាប់រថយន្ដ មានចំនួន១.១៣៧.៥៤៧ប័ណ្ណ និងម៉ូតូចំនួន១៦៣.៤៨៤ប័ណ្ណ៕

ដោយ អ៊ុន រិទ្ធី