បេសកជនពិសេសអាមេរិកនឹងទៅកាន់អាហ្វហ្កានីស្ថាន ដើម្បីពង្រឹងកិច្ចចរចាសន្តិភាព

AKP ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ — ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយរាយការណ៍ពីថ្ងៃព្រហស្បតិ៍ថា លោក ហ្សាលម៉ាយ ខាលីលហ្សាដ ( Zalmay Khalizad ) ទីប្រឹក្សា ស.រ.អា ដែលទើបតែងតាំងថ្មីសម្រាប់សន្តិភាពនិងការផ្សះផ្សាគ្នារបស់ អាហ្វហ្កានីស្ថាននឹងធ្វើទស្សនកិច្ចជាលើកដំបូងរបស់លោកនៅអាហ្វហ្កានីស្ថាន,ប៉ាគីស្ថាន នឹងប្រទេស៣ទៀតនៅមជ្ឈិមបូព៌ា ។

តាមសារព័ត៌មានឯកជនអាហ្វហ្កានីស្ថាន ( Pajhwork )ឱ្យដឹងថា នៅក្នុងកិច្ចប្រឹងប្រែងថ្មីបំផុតមួយ ដើម្បីនាំមកនូវសន្តិភាព ព្រមទាំងការពន្លឿនដំណើរការផ្សះផ្សាគ្នានៅអាហ្វហ្កានីស្ថាន ដោយដឹកនាំគណៈ ប្រតិភូមួយនោះ លោក ខាលីលហ្សាដ នឹងប្រើពេល១០ថ្ងៃ ដើម្បីធ្វើទស្សនកិច្ចនៅអាហ្វហ្កានីស្ថាន , ប៉ាគីស្ថាន, អេមីរ៉េតធារ៉ាប់រួម ( UAE ) ,កាតា និង អារ៉ាប៊ីសាអូឌីត ។

សេចក្តីរាយការណ៍នោះបាននិយាយថា បេសកកម្មរបស់លោក ខាលីលហ្សាដ គឺដើម្បីសម្រប សម្រួលនឹងដឹកនាំកិច្ចប្រឹងប្រែងរបស់អាមេរិក ដើម្បីនាំយកពួកតាលីបង់ទៅកាន់តុចរចា ។ លោកនឹងធ្វើ ដូច្នេះក្នុងការសប្របសម្រួលគ្នាយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ព្រមទាំងបណ្តាប្រទេស ដែលមានជាប់ពាក់ព័ន្ធដទៃទៀត ដោយរុករកនូវវិធីដែលល្អបំផុតដើម្បីធ្វើឱ្យសម្រេចបាននូវដំណោះស្រាយតាមកិច្ចចរចាមួយចំពោះជម្លោះនេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)