អ៊ីរ៉ង់នឹងធ្វើឱ្យអាមេរិកបរាជ័យក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច

AKP ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ — មេដឹកនាំអ៊ីរ៉ង់ លោក អាយ៉ាតុលឡាអាលីខាមេនី ( Ayatollaqh Ali Khamenei ) បាននិយាយពីថ្ងៃ ព្រហស្បតិ៍ថា អ៊ីរ៉ង់នឹងធ្វើឱ្យអាមេរិកបរាជ័យ នៅក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់ខ្លួនលើប្រទេសនេះ។

លោក ខាមេនី បាននិយាយនៅក្នុងការថ្លែងមួយទៅកាន់កងកម្លាំង Basij ( អ្នកស្ម័គ្រចិត្ត ) ក្នុងក្រុង តេហេរ៉ង់ថា សេដ្ឋកិច្ចជាតិរបស់អ៊ីរ៉ង់ខ្លាំងជាងការដាក់ទណ្ឌកម្មរបស់អាមេរិក ។

លោកបាននិយាយថា សេដ្ឋកិច្ចជាតិនឹងធ្វើឱ្យការដាក់ទណ្ឌកម្មនេះទទួលបរាជ័យដោយលោក និយាយបន្ថែមថា រឿងនេះជាការធ្វើឱ្យអាម៉ាស់មុខមួយទៀតដល់ ស.រ.អា ។

លោកបានអំពាវនាវឱ្យមានការរួបរួមគ្នាក្នុងចំណោមប្រជាជនអ៊ីរ៉ង់ទាំងអស់ នៅក្នុងការប្រឈមមុខ នឹងផែនការសម្ងាត់របស់សត្រូវដោយនិយាយថា ប្រសិនបើសត្រូវឃើញដោយផ្ទាល់ភ្នែកការរួបរួមគ្នា, កម្លាំងនិងការតាំងចិត្តនេះគេនឹងដកថយ ។

លោក ខាមេនី បាននិយាយថា ក្នុងពេលជាង៤០ឆ្នាំកន្លងទៅនេះ ។នៅពេលដែលសាធារណរដ្ឋ អ៊ីស្លាមនេះ ត្រូវបានគេបង្កើតឡើងក្នុងប្រទេសអ៊ីរ៉ង់, ស.រ.អា បានស្វែងរកធ្វើការផ្តួលរំលំការបង្កើត អ៊ីស្លាមនេះ ដោយលោកសង្កាត់ធ្ងន់ថា ក្រុងវ៉ាស៊ីងតោនក៏ត្រូវបានគេធ្វើឱ្យខកចិត្តផងដែរ នៅក្នុងផែនការសម្ងាត់របស់ខ្លួនកាលពីពេលថ្មីៗនេះ ប្រឆាំងនឹងក្រុងតេហេរ៉ង់ ។

រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉ែវ ( Mike Pompeo ) បាននិយាយថា ស.រ.អា កំពុង បញ្ជាក់សន្ធិសញ្ញាមិត្តភាពឆ្នាំ ១៩៥៥ ជាមួយអ៊ីរ៉ង់ បន្ទាប់ពីតុលាការកំពូល អ.ស.ប បានសម្រេចឱ្យក្រុង វ៉ាស៊ីងតោនលុបចោលទណ្ឌកម្មលើក្រុងតេហេរ៉ង់នោះ ។ តុលាការយត្តិធម៌អន្តរជាតិ( ICJ ) ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ បានចេញសាលក្រមមួយ ប្រឆាំងនឹងការដាក់ទណ្ឌកម្មជាឯកតោភាគីរបស់អាមេរិក បន្ទាប់ពីអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ។ សន្ធិសញ្ញានេះបានជួយបង្កើតទំនាក់ទំនងសេដ្ឋកិច្ច និងសិទ្ធិកុងស៊ុលកាលពីមុនរវាង ស.រ.អា និង អ៊ីរ៉ង់៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)