ចក្រភពអង់គ្លេសប្តេជ្ញាគាំទ្រយោធាលីបង់

AKP ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ — ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា ឯកអគ្គរាជទូតអង់គ្លេសនៅប្រទេសលីបង់លោក Chris Rampling បាននិយាយពីថ្ងៃព្រហស្បតិ៍ថា ចក្រភពអង់គ្លេសបានសន្យាចំពោះការគាំទ្ររបស់ខ្លួនដល់កងទ័ពលីបង់ដើម្បីការពារសន្តិសុខ និងស្ថិរភាពនៅក្នុងប្រទេសនេះ ។

ទីភ្នាក់ងារព័ត៌មានជាតិលីបង់បានដកស្រង់សំដីលោកដែលនិយាយថា យើងមានជំនឿយ៉ាងខ្លាំងនៅក្នុងសមត្ថភាពកងទ័ពលីបង់ថា ជាអ្នកការពារតែមួយដល់ប្រទេសលីបង់ ហើយយើងនឹងគាំទ្រដល់កិច្ចប្រឹងប្រែងរបស់កងទ័ពនេះ ក្នុងការផ្តល់ឱ្យនូវកិច្ចការពារសន្តិសុខដល់ពលរដ្ឋទាំងអស់របស់ខ្លួនចាប់ពីព្រំដែនទៅដល់សមុទ្រមេឌីតែរ៉ាណេ ។

ការកត់សម្គាល់របស់លោក ឯកអគ្គរាជទូតនេះ ធ្វើឡើងក្នុងអំឡុងទស្សនកិច្ចរបស់លោក នៅសាលាកងកម្លាំងពិសេសនៃកងទ័ពលីបង់ ដើម្បីអបអរសាទរដល់ទាហានចុងក្រោយនៅក្នុងក្រុមមានសមាជិក ១០. ០០០នាក់ ដែលបានបង្ហាត់បង្រៀនដោយសាលានេះ ។

លោកបាននិយាយថា ខ្ញុំមានមោទនភាពក្នុងការផ្តល់ឱ្យនូវវិញ្ញាបនប័ត្របញ្ជាក់ការហ្វឹកហាត់ដល់ ទានហានចុងក្រោយ ដែលបានបង្ហាត់បង្រៀនដោយសាលានេះ ដែលនឹងឆ្លុះបញ្ចាំងឱ្យឃើញនូវការសន្យារបស់យើងដល់ការបង្ហាត់បង្រៀនមួយភាគបី នៃកងកម្លាំងប្រយុទ្ធនៅក្នុងកងទ័ពលីបង់ ។ លោក Rampling បានកត់សម្គាល់ថា ការវិនិយោគរបស់ចក្រភពអង់គ្លេសនៅក្នុងការគាំទ្រកងទ័ព លីបង់ បានឡើងដល់ ៦៣លានផោន ( ៨២ លានដុល្លារ ) ចាប់តាំងពីឆ្នាំ ២០១០​មក ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )