បណ្តាប្រទេសអាស៊ានស្វះស្វែងរកជំរុញចំណងទាក់ទង បានកាន់តែខ្លាំងប្រឆាំងអំពើភេរវកម្ម

AKP ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ — សន្និសីទប្រឆាំងនឹងអំពើភេរវកម្មនៅអាស៊ីអាគ្នេយ៍ឆ្នាំ ២០១៨ បានចាប់ផ្តើមធ្វើនៅសិង្ហបុរី កាលពីថ្ងៃព្រហស្បតិ៍ ដែលមានបំណងធ្វើការពិភាក្សាគ្នានូវមធ្យោបាយឆ្ពោះទៅរកកិច្ចប្រឹងប្រែងជាសមូហភាពឱ្យកាន់តែធំឡើងប្រឆាំងនឹងអំពើភេរវកម្ម ។

ដោយមានប្រធានបទថា « ដំណោះស្រាយជាសមូហភាពមួយ ( A Collective Approach ) » នោះសិក្ខាសាលារយៈពេល២ថ្ងៃនេះ នឹងធ្វើការត្រួតពិនិត្យមើលនូវដំណើររឿងយ៉ាងសំខាន់ ៤ ដើម្បីជួយដល់រដ្ឋសមាជិកអាស៊ាន ប្រឆាំងនឹងការគំរាមកំហែងដែលកើតឡើងនៃអំពើភេរវកម្ម ។

ដំណើររឿងនោះ គឺការកសាងនូវភាពរឹងមាំនៃសង្គមប្រឆាំងនឹងអំពើភេរវកម្ម , ការអនុវត្តនូវវិធានការ ប្រឆាំងឱ្យបានសមស្របទៅលើបណ្តាញភេរវកម្ម ដែលធ្វើយោធូបនីយកម្មកាន់តែកើនឡើងរបស់តំបន់ , ការប្រើប្រាស់បច្ចេកវិទ្យាទំនើប ហើយនឹងការរុករកនូវវិស័យនៃកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងសមត្ថភាពជាសមូហភាពរបស់អាស៊ានប្រឆាំងនឹងអំពើភេរវកម្ម ។

អគ្គលេខាធិការរងអាស៊ានសម្រាប់សហគមន៍នយោបាយ និងសន្តិសុខ លោក ហួង អាញ់ ទន់ ( Hoang Anh Tuan ) បាននិយាយនៅក្នុងសុន្ទរកថា របស់លោកថា អំពើភេរវកម្ម នៅតែជាការគំរាមកំហែងដ៏គ្រោះថ្នាក់បំផុតមួយដល់សន្តិភាព, ស្ថិរភាព និងវិបុលភាពតំបន់ ។

លោកបានអំពាវនាវឱ្យពង្រឹងសមត្ថភាពក្នុងការប្រយុទ្ធនឹងអំពើភេរវកម្ម ជាពិសេសនៅពេលដែលអំពើភេរវកម្ម Cyber កំពុងទទួលបាននូវសន្ទុះ ក្នុងតំបន់ពេលដែលបណ្តាប្រទេសអាស៊ានទាំងអស់មិនបានបំពាក់គ្រឿងបរិក្ខារឱ្យបានគ្រប់គ្រាន់ ដើម្បីប្រយុទ្ធនឹងអំពើភេរវកម្មនេះ ។

រៀបចំឡើងដោយសាលា S. Rajaratnam នៃការសិក្សាអន្តរជាតិរបស់សកលវិទ្យាល័យបច្ចេកវិទ្យា Nanyang សិង្ហបុរីនោះ សន្និសីទនេះ គឺជាផ្នែកនៃការធ្វើជាប្រធានអាស៊ាន របស់សិង្ហបុរីនៅឆ្នាំនេះ ហើយ នឹងដំណើរការរហូតដល់ថ្ងៃសុក្រ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )