GDP របស់វៀតណាមកើនឡើង ៦,៨ភាគរយនៅក្នុងឆ្នាំនេះ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ — ធនាគារពិភពលោក (WB) បានព្យាករណ៍ថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ វៀតណាមនៅក្នុងឆ្នាំនេះនឹងកើនឡើង ៦,៨ភាគរយ នៅក្នុងរបាយការណ៍ស្តីពីការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ារបស់ខ្លួនដែលបានចេញផ្សាយកាលពីថ្ងៃទី ៤ ខែតុលា បើប្រៀបធៀបទៅនឹងការព្យាករណ៍កាលពីខែមេសា ដែលមានចំនួនតែ ៦,៥ភាគរយ។

យោងតាមរបាយការណ៍នេះបានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅតែបន្តដំណើរការបានល្អ ជំរុញដោយការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចជាសកល និងការបន្តកំណែទម្រង់ក្នុងស្រុក។ កំណើនដ៏រឹងមាំនេះ គឺជំរុញឱ្យមានការបង្កើតឱកាសការងារ និងកំណើនប្រាក់ចំណូលដែលនាំឱ្យមានកំណើនសុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ។

ថ្វីបើមានការរីកចម្រើនក្នុងរយៈពេលខ្លីក៏ដោយ ក៏ហានិភ័យប្រឈមខាងក្រៅ និងខាងក្នុងស្រុក ព្រមទាំងបញ្ហាប្រឈមរយៈពេលវែងនៅតែមាន។ ទាំងនេះ រួមបញ្ចូលទាំងហានិភ័យនៃការប្រែប្រួលផ្នែកហិរញ្ញវត្ថុសកលលោក និងការកើនឡើងនៃការការពារនិយម ក៏ដូចជាភាពងាយរងគ្រោះក្នុងស្រុកដែលទាក់ទងទៅនឹងភាពទន់ខ្សោយនៃវិស័យធនាគារដែលនៅសេសសល់បំណុលសាធារណៈ ដែលកើនឡើង និងចន្លោះប្រហោងផ្នែកសារពើពន្ធ ព្រមទាំងការកាត់បន្ថយកំណើនផលិតភាពផងដែរ។

ធនាគារពិភពលោកបាននិយាយថា ទស្សនវិស័យរយៈពេលមធ្យមរបស់វៀតណាមបានរីកចម្រើនបន្ថែមទៀត ដោយបាននិយាយបន្ថែមថា បច្ចុប្បន្ន GDP ត្រូវបានព្យាករណ៍ថា នឹងកើនឡើង ៦,៨ភាគរយនៅឆ្នាំ ២០១៨ (កើនឡើងពី ៦,៥ភាគរយនៅក្នុងការព្យាករណ៍លើកមុន) មុនពេលថយចុះមក ៦,៦ភាគរយនៅក្នុងឆ្នាំ ២០១៩ និង ៦,៥ ភាគរយនៅក្នុងឆ្នាំ ២០២០ ។

ធនាគារពិភពលោករំពឹងថា អតិផរណារបស់ប្រទេសនេះនឹងស្ថិតកម្រិត ៤ភាគរយ នៃគោលដៅកំណត់របស់រដ្ឋាភិបាល ដោយផ្អែកលើការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ដើម្បីទប់ទល់នឹងសម្ពាធតម្លៃដែលបណ្តាលមកពីសម្ពាធតម្លៃចូលក្នុងស្រុក និងការកើនឡើងនៃតម្លៃទំនិញសកលលោក៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)