វៀតណាមប្តេជ្ញាកែលម្អបរិយាកាសវិនិយោគ

AKP ភ្នំពេញថ្ងៃ ទី០៥ ខែតុលា ឆ្នាំ២០១៨ — កាលពីថ្ងៃទី ០៤ ខែតុលា នាយករដ្ឋមន្រ្តីវៀតណាម​ លោក Nguyen Xuan Phuc បាននិយាយថា រដ្ឋាភិបាលវៀតណាមប្តេជ្ញាកសាងបរិយាកាសវិនិយោគ ដែលមានលក្ខណៈអំណោយផល និងប្រកួតប្រជែងជាងមុន ទៅតាមស្តង់ដារអន្តរជាតិ និងអនុលោមតាមការប្តេជ្ញាចិត្តក្នុងការបង្កើតស្តង់ដារខ្ពស់ដែលប្រទេសនេះបានធ្វើក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី (FTAs) ។

ថ្លែងទៅកាន់សន្និសីទមួយ ដើម្បីពិនិត្យមើលឡើងវិញនូវការទាក់ទាញការវិនិយោគបរទេសក្នុងរយៈពេល ៣០ឆ្នាំ នៅក្នុងប្រទេសវៀតណាម ដែលបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ថ្នាក់ដឹកនាំរូបនេះបានអះអាងថា រដ្ឋាភិបាលនឹងបន្តគោលការណ៍ណែនាំ និងគោលនយោបាយលើការវិនិយោគបរទេសទៀត។

លោកបាននិយាយថា រដ្ឋាភិបាលតែងតែគាំទ្រវិនិយោគិន ដើម្បីផលប្រយោជន៍ទៅវិញទៅមក និងកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព។
លោកបាននិយាយទៅកាន់វិនិយោគិនបរទេសដែលចូលរួមសន្និសីទនេះថា «ជោគជ័យរបស់អ្នកនៅវៀតណាម ក៏ជាជោគជ័យ និងជាមោទនភាពរបស់យើងផងដែ»។

នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការវិនិយោគទុនបរទេសជានិច្ចកាលរួមជាមួយដំណើការផ្លាស់ប្តូរថ្មីរបស់វៀតណាមបានបង្ហាញឱ្យឃើញយ៉ាងច្បាស់លាស់នូវគោលនយោបាយបើកទូលាយរបស់ប្រទេសនិងជាផ្នែកមួយនៃសេដ្ឋកិច្ច ក៏ដូចជាសមាហរណកម្មអន្តរជាតិដែលវៀតណាមកំពុងបន្តរួមចំណែកក្នុងការបង្កើនឋានៈរបស់ខ្លួននៅលើឆាកអន្តរជាតិ។

លោកបាននិយាយថា ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ការទាក់ទាញវិនិយោគទុនបរទេសបានបង្ហាញឱ្យឃើញថា ជាគោលនយោបាយដ៏ជោគជ័យរបស់បក្ស និងរដ្ឋវៀតណាម ដោយលោកបានកត់សម្គាល់ថា សហគ្រាសវិនិយោគបរទេសបានក្លាយទៅជាសមាជិកសកម្ម នៃសហគមន៍ធុរកិច្ចនៅ វៀតណាម៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)