ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហការ និងការកសាងសមត្ថភាពលើសេដ្ឋកិច្ចបៃតង

AKP ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ –ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ១០រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងអង្គការមូលនិធិអាស៊ី (The Asia Foundation) បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហការ និងការកសាងសមត្ថភាពលើសេដ្ឋកិច្ចបៃតង នៅទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួង   បរិស្ថាន និងលោកស្រី MeloneyC.Linberg តំណាងប្រចាំប្រទេសអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា។

នៅក្នុងឱកាសនោះ ឯកឧត្តម សៅ សុភាព បានមានប្រសាសន៍ថា កម្មវិធីនេះត្រូវបានបង្កើតឡើងគាំទ្រដល់ការរួមចំណែកដល់ការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងសេដ្ឋកិច្ចបៃតងក្នុងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមបានគូសបញ្ជាក់ថា The Asia Foundation មានបំណងសហការជាមួយក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព គាំទ្រការ     កសាងសមត្ថភាពទាក់ទងនឹងការគ្រប់គ្រងសំណល់រឹង ការបង្កើនការចែកចាយបន្ទះថាមពលពន្លឺព្រះអាទិត្យ (ឧទាហរណ៍ ថាមពលចេញពីបន្ទះពន្លឺព្រះអាទិត្យលើដំបូល) ការដំឡើងថាមពលពន្លឺព្រះអាទិត្យនៅតាមទីជនបទក្រីក្រដែលគ្មានបណ្តាញអគ្គិសនី ការស្រាវជ្រាវគោលនយោបាយចាំបាច់ផ្សេងៗ និងសកម្មភាពផ្សេងទៀតដែលបានព្រមព្រៀងរួមគ្នា។

ជាមួយគ្នានេះដែរ ឯកឧត្តមបានចាត់ទុកថា អនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហការ និងការកសាងសមត្ថភាពលើសេដ្ឋកិច្ចបៃតងនេះ មានសារៈសំខាន់ខ្លាំងណាស់ដើម្បីពង្រឹង ជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការទៅលើវិស័យមួយចំនួន ដូចជា ថាមពលពន្លឺព្រះអាទិត្យ (ការបង្កើនការចែកចាយថាមពលពន្លឺព្រះអាទិត្យ ថាមពលចេញពីបន្ទះថាមពលពន្លឺព្រះអាទិត្យលើដំបូល និងការដំឡើងថាមពលពន្លឺព្រះអាទិត្យនៅតាមទីជនបទក្រីក្រដែលគ្មានបណ្តាញអគ្គិសនីជាតិទៅដល់) ការគ្រប់គ្រងសំណល់រឹង និងការស្រាវជ្រាវគោលនយោបាយចាំបាច់ផ្សេងៗ តាមរយៈការគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព និងសេដ្ឋកិច្ចបៃតងក្នុងការអភិវឌ្ឍដោយចីរភាពស្របទៅតាមគោលនយោបាយ និងយុទ្ធសាស្រ្តថ្នាក់ជាតិរបស់ព្រះរាជាណាចក្រកម្ពុជា៕

ដោយ ទេស ច័ន្ទសុធារី