កូនឈើចំនួនជិត៣ម៉ឺនដើមត្រូវបាន​យក​ទៅ​ដាំនៅ​ក្នុងសហគមន៍ព្រៃឈើចង្ក្រានរយដើម្បីចូលរួមស្តារគម្របព្រៃឈើនៅតំបន់នោះឡើងវិញ

AKP សៀមរាប ថ្ងៃទី០៥ ខែតុលា ឆ្នំាំ២០១៨ –អាជ្ញាធខេត្តសៀមរាប​អំពាវនាវឱ្យ​ប្រជាពលរដ្ឋចូលរួម​ដាំកូនឈើ ដើម្បីស្តាគម្របព្រៃឈើឡើងវិញ ជាពិសេសត្រូវរួមគ្នា​ការ​ពារព្រៃឈើនៅក្នុង​សហគមន៍ព្រៃឈើចង្ក្រានរយឱ្យ បានល្អ ព្រោះព្រៃឈើ និងធនធានធម្មជាតិនៅក្នុងសហគមន៍នេះមានសក្តានុពលទេសចរណ៍ជាច្រើនសម្រាប់ទាក់ទាញ​ឱ្យភ្ញៀវទេសចរស្នាក់នៅកម្សាន្តនៅក្នុងខេត្តសៀមរាប​បាន​យូ

នៅ​ក្នុងឱកាសចូលរួមដាំកូនឈើនៅក្នុងតំបន់សហគមន៍ព្រៃឈើចង្រ្កានរយ ស្ថិតក្នុងឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ២០១៨ លោក ទៀ សីហា អភិបាលរងខេត្តសៀមរាប​បាន​មាន​ប្រសាសន៍ថា ការរៀបចំឱ្យមានកម្មវិធីដាំកូនឈើនៅថ្ងៃនេះ គឺជាការចលនាបំផុសស្មារតីប្រជាពលរដ្ឋ និងយុវជនទាំងអស់​ឱ្យ​ចេះ​ស្រឡាញ់ព្រៃឈើ ចូលរួមដាំកូនឈើ និងការពារព្រៃឈើ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។

លោក ទៀ សីហា បានអំពាវនាវដល់ប្រជាពលរដ្ឋ​​គ្រប់​​រូប ដែលកំពុងបន្តអាជីវកម្មកាប់​បំផ្លា​ញ​ព្រៃឈើដើម្បីចាប់យក​ដីព្រៃធ្វើកម្មសិទ្ធនិងសម្រាប់លក់ សូមឱ្យបញ្ឈប់ជាបន្ទាន់ ព្រោះការធ្វើអាជីវ​ក​ម្មព្រៃឈើិងជំនួ​ញ​​​​ដីព្រៃឈើខុសច្បាប់ គឺជាបទល្មើសដ៏ធ្ងន់ធ្ងរបំផុត ជាពិសេសធ្វើឱ្យមហន្ត​រាយដល់បរិស្ថានធនធានធម្មជាតិ ដែលបណ្តាលមកពីការ​កាប់បំផ្លាញ​​ព្រៃ​ឈើ។ លោកបានស្នើឱ្យអ្នកប្រព្រឹត្តិអំពើខុសច្បាប់ទាំងនេះងាកមក​ចូលរួម​ដាំកូនឈើ ដើម្បីចូលរួមស្តាគម្របព្រៃឈើឡើងវិញជាពិសេសត្រូវរួមគ្នា​ការ​ពារព្រៃឈើនៅក្នុង​សមាគមន៍ព្រៃឈើចង្ក្រានរយឱ្យបានល្អ ព្រោះព្រៃឈើ និងធនធានធម្មជាតិនៅក្នុងសហគមន៍នេះមានក្តានុពលទេសចរណ៍ជាច្រើនដូចជា ទឹកធ្លាក់ស្រស់ស្អាតការរស់នៅរបស់សត្វស្លាបកម្រផ្សេងៗ ពើងថ្មដែលមាន​ទម្រង់ប្លែក មានសមុទ្រឈើ ហើយភ្ញៀវទេសចរមកកម្សាន្តនៅតំបន់នេះ អាចបោះជំរំស្នាក់នៅ និងមើល​​ការរស់នៅរបស់សត្វស្លាបផ្សេងៗ នៅពេលព្រឹកព្រហាម ទស្សនាថ្ងៃរះរួមជាមួយថ្មចង្រ្កានរយជាច្រើន ដែលមិនធ្លាប់មាននៅកន្លែងផ្សេងផង ដែរ។​ ក្តានុពលទេសចរណ៍ទាំងនេះជាការទាក់ទាញ​ឱ្យភ្ញៀវទេសចរស្នាក់នៅកម្សាន្តនៅក្នុងខេត្តសៀមរាប​បាន​យូនិងបាន​ផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋដោយផ្ទាល់ និងដោយស្របច្បាប់ផងដែរ។        

លោក នួន មុនី ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប និងជាប្រធានគម្រោងជីវិតបានឱ្យដឹងថា កូនឈើដែល​ត្រូវ​យក​មក​ដាំនៅក្នុង​សហគមន៍ព្រៃឈើចង្ក្រានរយនេះ មាន​ចំនួនជិត៣ម៉ឺនដើម មាន ​១២ប្រភេទ មាន​ដូចជា កូនឈើគ្រញូង បេង នាងនួន កូនធ្នុង  និងកកោះជា ដើម។ លោកបានបន្តថា ការដាំកូនឈើនៅថ្ងៃនេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការចូលរួមស្ដា នូវធនធានធម្មជាតិ និងគម្របព្រៃឈើវិញ ខណៈដែលបច្ចុប្បន្នព្រៃឈើកំពុងរង ការកាប់ទន្ទ្រានដោយខុសច្បាប់ពីសំណាក់ជនខិលខូចមួយចំនួន បើទោះបីមន្រ្តីជំនាញ​បានខិតខំការពា រនិងទប់ស្កាត់យ៉ាងណាក៏ដោយ

លោកបានបន្តទៀតថា ការចូលរួមដាំកូនឈើនៅថ្ងៃនេះ គឺជាការចូលរួមធានាបាននូវនិរន្តរភាពក្នុងការចិញ្ចឹមជីវិត និងការរស់នៅប្រកបដោយផាសុកភាព ស្របតាមទស្សនៈវិស័យ និងគោលនយោបាយរបស់ក្រសួងបរិស្ថាន និងរាជរដ្ឋាភិបាលកម្ពុជា

ដោយ ឃុត សៅ