សម្ដេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមប្រារព្ធទិវាគ្រូបង្រៀន០៥ តុលា នៅវិទ្យាស្ថានជាតិអប់រំ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ –លោកគ្រូ អ្នកគ្រូ ដែលមកពីបណ្ដារាជធានី ខេត្តប្រមាណ១.៣០០នាក់បានមកជួបជុំគ្នា នៅ​វិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ ២០១៨ ដើម្បីប្រារព្ធពិធីអបអរសាទរ “ទិវា​គ្រូ​បង្រៀន ០៥ តុលា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុ​ន​ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

     ការរៀបចំទិវាគ្រូបង្រៀន ៥ តុលា ខួបលើកទី ២១នេះ ប្រារព្ធឡើងក្រោមប្រធានបទ “គុណភាព គ្រូ ជា​​គុណភាពមូលធនមនុស្ស សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព”។  

ឯកឧត្តម​បណ្ឌិត​ស​ភា​ចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ទិវា​គ្រូ​ប​ង្រៀន ០៥ តុលា ជាទិវាមួយដែលបានកើតឡើង ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែ​ន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ​កម្ពុជា តាំងពីឆ្នាំ១៩៩៧ ក្នុងគោលបំណងបំផុសឡើ​ង​​វិញនូវវប្បធម៌ និងប្រពៃណីនៃការ រម្លឹកគុណូបការៈដ៏ថ្លៃថ្លារបស់សិស្ស ចំពោះគ្រូបង្រៀន​នៅ​ទូទាំងប្រទេស។ ជាងនេះទៅទៀត ទិវាគ្រូបង្រៀនធ្វើឡើង ដើម្បីរម្លឹកពីគុណ​បំណាច់​របស់​​គ្រូ​បង្រៀន ដែលបានខិតខំអំណត់ ព្យាយាមក្នុងការ បំពេញភារកិច្ចជាអ្នកបណ្តុះបណ្តាល ដើ​ម្បី​ផ្ទេរនូវចំណេះដឹងដ៏មានតម្លៃនៃវិទ្យាសាស្រ្តបច្ចេក វិទ្យា ព្រមទាំងទូន្មានឱ្យសិស្ស​គ្រប់​ក​ម្រិ​​ត​​ធ្វើតែអំពើល្អ ស្គាល់ខុសត្រូវ គោរពចាស់ទុំ តាម គំនិតថ្មីនៃការអប់រំ គឺរៀនដើម្បីមាន​ចំណេះ​ដឹង រៀនដើម្បីមានចំណេះធ្វើ រៀនដើម្បីមាន សីលធម៌ល្អ និងរៀនដើម្បីរួមរស់នៅជាមួយគ្នា​ប្រ​កប​ដោយសុខដុម។ ឯកឧត្តមរដ្ឋមន្រ្តីបាន បញ្ជាក់ឱ្យដឹងទៀតថា សម្រាប់វិស័យអប់រំក្នុង​ការ​​​អ​​នុវត្ត​គោលនយោបាយអភិវឌ្ឍន៍តាម ទស្សនៈវិស័យអភិវឌ្ឍន៍ប្រទេសពីប្រទេសក្រីក្រ ទៅជា​ប្រទេ​ស​ មានចំណូលមធ្យមកម្រិតទាប និងមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ក្រសួង​អ​ប់​រំ​បានខិតខំធ្វើ កំណែទម្រង់ជា ច្រើន ដោយចាប់ផ្តើមចេញពីគ្រូបង្រៀន ដើម្បី​បណ្តុះ​បណ្តា​លដល់យុវជន យុវនារីជំនាន់ ក្រោយ ដែលជាប្រភពធនធានមនុស្សដ៏សំខាន់ សម្រាប់ធ្វើឱ្យ​ស​ម្រេច​​នូវទិសដៅខាងលើ។

នៅក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀននេះដែរ ក៏មានការប្រគល់ពានរង្វាន់​ព្រះ​ភារម្យ​ភា​សា អ៊ូ ហៅង៉ុយ ដល់លោកគ្រូ អ្នកគ្រូជយលាភី ផ្នែកស្មូត្រកំណាព្យ និងពានរង្វាន់​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត ជូនដល់លោកគ្រូ អ្នកគ្រូជយលាភីផ្នែកតែងនិពន្ធផងដែរ។ បើតាម​របា​​យការណ៍របស់ក្រសួងអប់រំ​បានបង្ហាញថា​ បច្ចុប្បន្នកម្ពុជាមានបុគ្គលិកសិក្សាអប់រំសរុប     ចំនួ​នជាង​ ១២ម៉ឺន​នាក់ ។

 

 

ដោយ ជឹម ណារី