សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ «ទិវាគ្រូបង្រៀន ៥ តុលា»

វិទ្យុជាតិកម្ពុា:​ ដោយ​ លោក​ ជៀង​ យ៉ារ៉េត:

នៅព្រឹកថ្ងៃទី០៥ខែតុលាឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រារព្ធពិធីអបអរសាទរ «ទិវាគ្រូបង្រៀន ៥ តុលា » នៅវិទ្យាស្ថានជាតិអប់រំ។

ទិវាគ្រូបង្រៀន ៥ តុលា ខួបលើកទី ២១នេះ ប្រារព្ធឡើងក្រោមប្រធានបទ «គុណភាពគ្រូ ជាគុណភាពមូលធនមនុស្ស សម្រាប់ការអភិវឌ្ឍប្រកបដោយចេរភាព»។ពិធីនេះ ក៏មានការអញ្ជើញចូល រួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា  លោកគ្រូ អ្នកគ្រូ មកពីបណ្តាខេត្ត នានា មន្រ្តីរាជការក្រសួងអប់រំ យុវជន និងកីឡា អង្គការដៃគូអភិវឌ្ឍន៍ ព្រមទាំង សិស្សានុសិស្សសរុបប្រមាណ១.៣០០ នាក់។

នៅក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀនព្រឹកនេះ ក៏មាន ការប្រគល់ពានរង្វាន់ព្រះភារម្យភាសា អ៊ូ ហៅង៉ុយ ដល់លោកគ្រូ អ្នកគ្រូជ័យលាភី ផ្នែកស្មូត្រកំណាព្យ និងពាន រង្វាន់សម្តេចព្រះសង្ឃរាជ ជួន ណាត ជូនដល់លោកគ្រូ អ្នកគ្រូជ័យលាភីផ្នែកតែងនិពន្ធ។

តាមសុន្ទរកថាស្វាគមន៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឲ្យដឹងថា ទិវាគ្រូបង្រៀន ៥ តុលា ជាទិវាមួយដែលបានកើតឡើង ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាំងពីឆ្នាំ១៩៩៧ ក្នុងគោលបំណងបំផុស ឡើងវិញនូវវប្បធម៌ និងប្រពៃណីនៃការ រំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់សិស្ស ចំពោះគ្រូបង្រៀននៅទូទាំងប្រទេស។

ជាងនេះទៅទៀតទិវាគ្រូបង្រៀនធ្វើឡើង ដើម្បីរំលឹកពីគុណបំណាច់របស់គ្រូបង្រៀន ដែលបានខិតខំអំណត់ ព្យាយាមក្នុង ការបំពេញភារកិច្ចជាអ្នកបណ្តុះបណ្តាល ដើម្បីផ្ទេរនូវចំណេះដឹងដ៏មានតម្លៃនៃវិទ្យាសាស្រ្តបច្ចេក វិទ្យា ព្រមទាំងទូន្មានគ្រប់កម្រិតឱ្យធ្វើតែអំពើល្អ ស្គាល់ខុសត្រូវ គោរពចាស់ទុំ តាមគំនិតថ្មីនៃការអប់រំ គឺរៀនដើម្បីមានចំណេះដឹង រៀនដើម្បីមានចំណេះធ្វើ រៀនដើម្បីមានសីលធម៌ល្អ និងរៀនដើម្បីរួមរស់នៅជាមួយគ្នាប្រកបដោយសុខដុម។

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់អោយ ដឹងទៀតថា សម្រាប់វិស័យអប់រំក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍតាមទស្សនះវិស័យអភិវឌ្ឍប្រទេសពីប្រទេសក្រីក្រ ទៅជាប្រទេស មានចំណូលមធ្យមកម្រិត ទាប និងមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ក្រសួងអប់រំបានខិតខំធ្វើ កំណែទម្រង់ជាច្រើន ដោយចាប់ផ្តើម ចេញពីគ្រូបង្រៀន ដើម្បីបណ្តុះបណ្តាល ដល់យុវជន យុវនារីជំនាន់ក្រោយ ដែលជាប្រភពធនធានមនុស្សដ៏សំខាន់ សម្រាប់ធ្វើអោយ​សម្រេច​នូវទិសដៅខាងលើ។