សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ក្នុងពីធីអបអរសាទរទិវាគ្រូបង្រៀន ៥តុលា

នៅព្រឹកថ្ងៃសុក្រ ១១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន៥ តុលា ដែលប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

បើតាមFacebook Page របស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញថា ទិវាគ្រូបង្រៀន ឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «គុណភាពគ្រូ ជាគុណភាពមូលធនមនុស្ស សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព» ដែលមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្រ្តីរាជការក្រសួងអប់រំ យុវជន និងកីឡា  លោកគ្រូ អ្នកគ្រូ មកពីបណ្តាខេត្តនានា និង អង្គការដៃគូអភិវឌ្ឍន៍ ព្រមទាំងសិស្សានុសិស្សជាច្រើនរូបទៀត។

នៅក្នុងពិធីនេះ ក៏មានការប្រគល់ពានរង្វាន់ព្រះភារម្យភាសា អ៊ូ ហៅង៉ុយ ដល់លោកគ្រូ អ្នកគ្រូជយលាភី ផ្នែកស្មូត្រកំណាព្យ និងពានរង្វាន់សម្តេចព្រះសង្ឃរាជ ជួន ណាត ជូនដល់លោកគ្រូ អ្នកគ្រូជយលាភីផ្នែកតែងនិពន្ធផងដែរ៕

 

*ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងកម្មវិធីនេះ វិទ្យុជាតិ FM 96MHz នឹងរៀបចំផ្សាយជូន នៅវេលាថ្ងៃត្រង់។