អភិបាលខេត្តកំពង់ចាម អះអាងថា មន្ត្រី គឺជាទូក ប្រជាពលរដ្ឋគឺជាទឹក តែទឹកអាចទ្រទូកឲ្យឡើង​ និងពន្លិចទូកបានដែរ

​ វិទ្យុជាតិកម្ពុជា​ :​ ដោយ​ លោក​ ចន​ ណារិទ្ធ:​

រាជធានីភ្នំពេញ:​ ក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ បុគ្គលិក មន្ត្រីរាជការក្រោមឱវ៉ាតរដ្ឋបាលសាលា ខេត្តកំពង់ចាម ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នាថ្ងៃទី៤ខែតុលានេះ​ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា មន្ត្រី គឺជាទូក ប្រជាពលរដ្ឋ គឺជាទឹក ដែលទឹកអាចទ្រទូកឲ្យឡើង​ និងពន្លិចទូកបានដែរ ដូច្នេះ ក្នុងនាមជាមន្ត្រីរាជការ ត្រូវរួមគ្នា បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឱ្យបានគាប់ប្រសើរ ដោយឈរលើគោលការណ៍ ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព ឱ្យសាកសមនឹងប្រជាពលរដ្ឋបោះឆ្នោតជូនយើង ដ៏ច្រើនលើសលុបនោះ។

​ ឯកឧត្តម គួច ចំរើន មានប្រសាសន៍ទៀតថា ការជួបជុំគ្នា នាពេលនេះ គឺជារឿងធម្មតា នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ រដ្ឋបាលសាលាខេត្ត តែងតែបានធ្វើពិធីជួបសំណេះសំណាល ជាមួយបងប្អូនជាមន្ត្រីចូលនិវត្តន៍ ដែលជារៀមច្បង និងបងប្អូនមន្ត្រីរាជការ បុគ្គលិក កម្មករ រដ្ឋបាលសាលាខេត្ត ទាំងអស់ ព្រមទាំង ឧបត្ថម្ភនូវថវិកា ដើមី្ប ឲ្យបងប្អូនយកទៅប្រើប្រាស់ ទៅតាមសេចក្តីតម្រូវការ ជាក់ស្ដែង ។​

ឯកឧត្តម អភិបាល បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ រាល់កិច្ចខិតខំប្រឹងប្រែង របស់មន្រី្ដរាជាការសាលាខេត្តទាំងអស់ ដែលបានខិតខំបំពេញការងារ ទទួលបានលទ្ធផលល្អ និងបន្តជម្រុញ និងលើកកម្ពស់ប្រសិទ្ធភាព ការងារបន្ថែមទៀត ជាពិសេល ការយកចិត្តទុកដាក់ លើកផ្តល់សេវាសារធារណៈ ទៅតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងអណត្តិទី៦ ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។

​ ឯកឧត្ដម គួច ចំរើន បានបញ្ជាក់ថា ដោយផ្អែកទៅតាមស្ថានភាពវិវឌ្ឍ នៃប្រទេសជាតិ ក្នុងដំណាក់កាលចុងក្រោយ មន្ត្រីរាជការ ត្រូវប្រែឥរិយាបទពីអ្នកគ្រប់គ្រង ទៅជាអ្នកបំរើសេវាសាធារណៈ ។ ដូច្នេះយើងជាមន្ត្រីរាជការ ដែលកំពុងបំពេញភារកិច្ច នៅក្នុងតួនាទីភារកិច្ច របស់រដ្ឋបាល ខេត្តកំពង់ចាម ត្រូវមានការយលដឹង និងដើរឲ្យស្របទៅតាម គោលនយោបាយនេះ ដើម្បី ឆ្លើយតបទៅនឹងសេចក្ដីត្រូវការ របស់ប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹង ការងារបំរើសេវាសាធារណៈ នេះដែរ មកដល់ពេលនេះ ខេត្តកំពង់ចាម ក៏បានបង្កើត និងដាក់ឲ្យដំណើរការអង្គភាពច្រកចេញចូលតែមួយ សម្រាប់ បំរើសេវារដ្ឋបាល ជូនទៅប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ច ។

ក្រៅពីនោះ យើងក៏មានគម្រោងបង្កើតឲ្យមានការិយាល័យច្រក នៅតាមបណ្ដាស្រុក ដែលសេសសល់មួយចំនួនទៀត ខណៈដែលបច្ចុប្បន្ន យើងមានការិយាល័យច្រក ចំនួន ២ រួចមកហើយ គឺ ៖ ក្រុងកំពង់ចាម និងស្រុកជើងព្រៃ ដើម្បី ឲ្យមូលដ្ឋានក្រុង ស្រុក បំរើសេវានេះ ជូនប្រជាពលរដ្ឋ ឲ្យបានស្មើៗគ្នា ដូចៗគ្នា និងកាន់តែល្អប្រសើរ ថែមទៀត ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន ក៏បានផ្តាំផ្ញើដល់មន្ត្រីរាជការ សាលាខេត្តទាំងអស់ បន្ទាប់ពីបានត្រឡប់មកវិញ ត្រូវបន្តបំពេញនូវភារកិច្ចស្នូលរបស់ខ្លួន និងមានការសាមគ្គីភាពផ្ទៃ ក្នុងឲ្យបានល្អ ព្រមទាំងបម្រើនូវសេវាសាធារណៈ ជូនប្រជាជនឲ្យ បានទាន់ពេលវេលា និងធ្វើគំរូល្អ ដល់ មន្ត្រីក្រោមឱវាទ និងត្រូវមានទំនាក់ទំនងល្អ ជាមួយ បណ្តាមន្ទីរ អង្គភាព និងភ្ញៀវជាតិ អន្តរជាតិ ដើម្បី ភាពរីកចំរើន ដល់ខេត្តកំពង់ចាម ហើយក្នុងឱ្យកាសបុណ្យភ្ជុំបិណ្ឌនេះ រាល់ពេលធ្វើដំណើរ ត្រូវគោរពច្បាប់ចរាចរ ដោយពាក់មួក និងដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ដើម្បី បញ្ជៀសនូវបញ្ហាគ្រោះថ្នាក់ដល់អាយុជីវិត ៕