ព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម ចាប់ផ្ដើមប្រារព្ធពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី

AKP ភ្នំពេញ ថ្ងៃទី០៤ ខែតុលា ឆ្នំា២០១៨ — ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការ ជាតិប៉ារ៉ាឡាំពិកកម្ពុជា​ទទួលបន្ទុក នាយ​បេសកកម្មកីឡាអាស៊ីប៉ារ៉ាហ្គេមឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី មានប្រសាសន៍ពី​ទីកន្លែងបើកពិធីមកថា នៅព្រឹកថ្ងៃ០ទី៤ខែតុលានេះ ដោយម្ចាស់ផ្ទះឥណ្ឌូណេស៊ីបានប្រារព្ធ​ពិធីបើកការប្រកួតជាផ្លូវការដោយក្នុងនោះការគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ក៏ត្រូវ បានធ្វើឡើងដូចបណ្តាប្រទេសនានា ដែលចូលរួមដែរ។


ឯកឧត្តមបានលើកឡើងថា ការគោរពទង់ជាតិនៃបណ្តាប្រទេសនានា គឺកម្ពុជាទទួល បានការ ប្រារព្ធស្វាគមន៍ នៅក្នុងចំណោម៧ប្រទេសមុនគេ ហើយការចូលរួមរបស់អត្តពលិកពិការ កម្ពុជាមានចំនួន៣០រូប ដែលទទួលបានការអញ្ជើញចូលរួមពីលេខាទូតទី១ និងលេខាទូតទី២ តំណាងឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសឥណ្ឌូណេស៊ី។ ទន្ទឹមនេះ សម្រាប់ការប្រកួត នឹងត្រូវចាប់ផ្តើមជាផ្លូវការ នាថ្ងៃទី០៧ ខែតុលា ដោយនៅថ្ងៃនេះ គណៈកម្មការបច្ចេកទេស កំពុងបន្តដំណើរការវាយតម្លៃ និងចាត់ចំណាត់ថ្នាក់កម្រិតពិការរបស់កីឡាករកីឡា ការិនីនានា តាមប្រភេទកីឡានីមួយៗមិនទាន់ចប់នៅឡើយ។
ឯកឧត្តមបានអះអាងថា រហូតមដល់ពេលនេះគណៈកម្មការជំនាញបានវាយតម្លៃ កម្រិតពិការភាពបាន៤ក្រុមហើយ នៅសល់២ក្រុមទៀត ដែលត្រូវចាត់ចំណាត់ថ្នាក់ជាបន្ត​ទៀត នាថ្ងៃបន្ទាប់។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០១៨ ដែលរៀបចំធ្វើនៅ​ប្រទេសឥណ្ឌូណេស៊ី​នេះ គឺគណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិកកម្ពុជាបានបញ្ជូន៦ប្រភេទ កីឡាទៅចូលរួមប្រកួត ដូចជាអត្តពលកម្ម ហែលទឹក បាល់បោះ ជិះរទេះនារី បាញ់ធ្នូ វាយកូនឃ្លីលើតុ និងធែនពីនប៊ូលីង ដែលមានកីឡាករកីឡា ការិនីចំនួន២៩នាក់ គ្រូបង្វឹក ១១នាក់ ទីប្រឹក្សាបច្ចេកទេស៣នាក់ និងមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាម្នាក់៕

ដោយ ហេង ណាលីន