គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចុះត្រួតពិនិត្យរថយន្ដធំៗ និងពិនិត្យប័ណ្ណ បើកបរ ដើម្បីពង្រឹងការអនុវត្ដច្បាប់

AKP ភ្នំពេញ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ — គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះត្រួតពិនិត្យលើរថយន្ដធំៗ និងពិនិត្យប័ណ្ណបើកបរ ដើម្បីពង្រឹងការអនុវត្ដច្បាប់ និងចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ។

 ក្នុងយុទ្ធនាការចុះរឹតបន្ដឹងលើការត្រួតពិនិត្យប័ណ្ណបើកបរ និងប័ណ្ណសម្គាល់យានយន្តនៅតាម ដងផ្លូវជាតិលេខ១ កាលពីព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ លោកជំទាវ មឹន មាណវី រដ្ឋ លេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកបានមានប្រសាសន៍ថា ការដាក់គោលដៅចុះត្រួតពិនិត្យយាន យន្ដ និងការពិនិត្យប័ណ្ណបើកបរនេះ គឺដើម្បីរឹតបន្ដឹងច្បាប់ចរាចរណ៍ ជាពិសេសរថយន្ដធំៗ ដែលកំពុងធ្វើចរាចរណ៍នៅលើដងផ្លូវ។ លោកជំទាវបានបញ្ជាក់ថា ការសហការជាមួយកម្លាំង សមត្ថកិច្ចនគរបាលចរាចរចុះត្រួតពិនិត្យប័ណ្ណបើកបរ និងឯកសារសម្គាល់យានយន្តនេះ ដោយ​សារតែបច្ចុប្បន្ននេះរថយន្ដធំៗ បាននិងកំពុងតែបង្កឱ្យមានគ្រោះថ្នាក់ចរាចរច្រើន នៅតាមដងផ្លូវ និងធ្វើឱ្យប្រជាពលរដ្ឋមានអារម្មណ៍ភ័យខ្លាចក្នុងការធ្វើចរាចរ។


លោកជំទាវបានលើកឡើងថា ចំពោះបញ្ហាប័ណ្ណបើកបរគឺមានអ្នកបើកបរមួយចំនួនគឺ មិនមានប័ណ្ណបើកបរ ហើយក៏មានមានប័ណ្ណបើកបរក្លែងក្លាយ ដែលបញ្ហាទាំងនេះ សមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ ពង្រឹងការត្រួតពិនិត្យឯកសារ ប័ណ្ណបើកបរឱ្យបានត្រឹមត្រូវ ដើម្បីចូលរួម​គោរពច្បាប់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរ។

លោកជំទាវបានបន្ថែមថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍សហការជាមួយ សមត្ថកិច្ចនគរបាលចរាចរណ៍ បានចុះមកផ្សព្វផ្សាយអប់រំ និងរឹតបន្ដឹងការអនុវត្ដច្បាប់ដល់ អ្នកបើកបរយានយន្ដ ឱ្យមានស្មារតីប្រុងប្រយ័ត្ន ជាពិសេសក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីធ្វើ​យ៉ាងណាឱ្យបង​ប្អូនប្រជាពលរដ្ឋបើកបរធ្វើដំណើរប្រកបដោយសុវត្ថិភាព។


លោកវរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ចបានសហការចុះឃាត់រថយន្តធុនធ្ងន់ រថយន្តគ្មានស្លាកលេខ និងឯកសារមិនគ្រប់គ្រាន់ ដើម្បីពង្រឹងវិធានការអនុវត្ដន៍ ច្បាប់ឱ្យបានតឹងរឹង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយបង្កើនសកម្មភាពនៅតាមគោលដៅ ផ្លូវជាតិសំខាន់ៗ។

លោកបានកត់សម្គាល់ឃើញថា បញ្ហាគ្រោះថ្នាក់ចរាចរតែងតែកើតឡើងនៅតាម ដង ផ្លូវគឺកើតចេញពីការមិនគោរពច្បាប់ចរាចរណ៍តែម្តងទាក់ទងនឹងការបើកបរវ៉ាជែង ការបើក បរលើសល្បឿនកំណត់ មិនគោរពភ្លើងសញ្ញា ឬស្លាកសញ្ញាចរាចរណ៍ និងការបើកបរក្រោម​ឥទ្ធិពលនៃជាតិស្រវឹងជាដើម។
សូមបញ្ជាក់ថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបាន​សហការជា​មួយ​អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចុះត្រួតពិនិត្យប័ណ្ណបើកបរយានយន្ដ និងផ្សព្វផ្សាយ​ច្បាប់​ស្ដីពីចរាចរណ៍ផ្លូវគោក ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០១៨ខាងមុខ នៅតាមបណ្ដោយផ្លូវ​ជាតិ​លេខ១ លេខ២ លេខ៣ លេខ៤ លេខ៥ និងលេខ៦ ដើម្បីជំរុញការអនុវត្ដ ការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ជាពិសេសកាត់បន្ថយគ្រោះ ថ្នាក់ចរាចរនៅតាមដងផ្លូវ៕

ដោយ អ៊ុន រិទ្ធី