ឯកឧត្ដម ឃួង ស្រេង ចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្តមុនី្នប្រសិទ្ធីវង្ស​ ក្នុងខណ្ឌព្រែកព្នៅ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ — ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកជំទាវ ជា ស៊ីណា ឃួងស្រេង រួមជាមួយមន្ត្រីក្រោមឱវាទរបស់រដ្ឋបាលរាជធានីភ្នំពេញ បានចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្តមុនី្នប្រសិទ្ធីវង្ស​ សង្កាត់ព្រែក​ព្នៅ ខណ្ឌព្រែកព្នៅ ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វការីជន មានមាតា បិតា ជីជូន ជីតា ញាតិទាំង៧សន្តាន ដែលបានបែកកាយ រំលាយឋានទៅកាន់លោកខាងមុខ។ ពិធីកាន់បិណ្ឌនេះ បានប្រព្រឹត្តទៅ នាថ្ងៃព្រហស្បតិ៍ ១០រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ តុលា ឆ្នាំ២០១៨ ។
ពិធីនេះធ្វើឡើងស្របតាមប្រពៃណីព្រះពុទ្ធសាសនា ដោយប្រគេនទេយ្យទាន ម្ហូបអាហារ បង្អែមចម្អាបជាដើម ដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វកាលរីជន ដែលបានបែកកាយ រំលាយឋានទៅកាន់លោកខាងមុខ និងដើម្បីប្រមូលបច្ច័យមួយចំនួនយកមកកសាងទីអារាមវត្ត ឱ្យមានការអភិវឌ្ឍ ស្របពេលដែលប្រទេសកម្ពុជាទាំងមូលកំពុងតែអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័សនោះ។

សូមបញ្ជាក់ថា ៖ ក្នុងពិធីនោះ ក្រៅពីប្រគេនទេយ្យទាន ម្ហូបអាហារ បង្អែមចម្អាបប្រគេនដល់ព្រះសង្ឃហើយនោះ ឯកឧត្ដមឃួង ស្រេង និងលោកជំទាវ ជា ស៊ីណា ឃួងស្រេង ដោយសទ្ធាជ្រះថ្លា បានប្រមូលបច្ច័យបានចំនួន ១២លាន ៤៧ម៉ឺនរៀលផងដែរ ដើម្បីប្រគេនដល់ព្រះសង្ឃដើម្បីកសាងទីអារាមវត្តនេះ ឱ្យកាន់តែមានការអភិវឌ្ឍមួយកម្រិតទៀត។


សូមបញ្ជាក់ថា ពិធីបុណ្យនេះត្រូវបានពុទ្ធសាសនិកខ្មែរប្រារព្ធធ្វើឡើងរៀងរាល់ ឆ្នាំចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។ ពុទ្ធសាសនិក ខ្មែរធ្វើបុណ្យនេះដោយការ យកទេយ្យទានផ្សេងៗមាន អាហារជាដើមទៅប្រគេនព្រះសង្ឃនៅក្នុងវត្តដែលកំពុងគង់ ចាំព្រះវស្សារយៈពេល១៥ថ្ងៃគត់។ ដោយហេតុពុទ្ធសាសនិកមានការមមាញឹកកិច្ចការប្រចាំថ្ងៃ និងដើម្បីធានាថាព្រះសង្ឃត្រូវបានផ្គត់ផ្គង់ជាទៀងទាត់នោះ ទើបគេចែកជាក្រុមៗដាក់ វេនគ្នា យកទេយ្យទានទៅប្រគេនព្រះសង្ឃ ដែលមានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច ខែភទ្របទ ហើយឱ្យឈ្មោះថាវេនទី១ រហូតដល់វេនទី១៤។

មានរយៈពេល១៤ ថ្ងៃនេះឱ្យឈ្មោះថាបុណ្យកាន់បិណ្ឌ ឬបុណ្យដាក់បិណ្ឌ។ ចំណែកថ្ងៃ ១៥រោច ដែលជាថ្ងៃចុងក្រោយនោះពុទ្ធសាសនិកពីគ្រប់វេនទាំងអស់បាន មកជួបជុំគ្នាធ្វើ ទានចំពោះសង្ឃជាមួយគ្នា ដើម្បីបញ្ចប់បុណ្យកាន់បិណ្ឌ។ លុះថ្ងៃទី១៥ត្រូវ នឹងថ្ងៃ១៥រោច ខែភទ្របទដែលជាថ្ងៃចុងក្រោយនេះឱ្យឈ្មោះថាបុណ្យភ្ជុំបិណ្ឌ ឬថ្ងៃភ្ជុំបិណ្ឌ៕

ដោយ សួស សំរិត