ឯកឧត្តម គួច ចំរើន ជួបសំណេះសំណាលជាមួយមន្រ្តីរាជការ នៃរដ្ឋបាលសាលាខេត្តក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

AKP កំពង់ចាម ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ — ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨នៅ សាលសន្និសីទសាលាខេត្តកំពង់ចាម បានជួបសំណេះសំណាលជាមួយមន្ត្រីថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអង្គភាពទាំងអស់ ចំណុះឱ្យរដ្ឋបាលសាលាខេត្តកំពង់ចាមក្នុងឱកាសសម្រាប់ រដូវបុណ្យភ្ជុំបិណ្ឌដែលជាបុណ្យប្រពៃណីជាតិ ដែលប្រជាពលរដ្ឋកម្ពុជាបានប្រារព្ធ ធ្វើពិធីបុណ្យភ្ជុំបិណ្ឌនៅថ្ងៃ១៥រោចខែភទ្របទ។

ថ្លែងក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ ចាមបានកោតសរសើរនិងវាយតម្លៃខ្ពស់រាល់ការខិតខំប្រឹងប្រែងរបស់មន្រី្ដរាជការសាលាខេត្តទាំងអស់ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អនិងបន្តជំរុញនិងលើកកម្ពស់ប្រសិទ្ធភាពការងារបន្ថែមទៀតពិសេលការផ្តល់សេវាសារធារណៈដែលមានក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៦នេះក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា នេះជាការជួបជុំគ្នាសម្រាប់ឱកាស បុណ្យភ្ជុំបិណ្ឌ។ ជាធម្មតាក្នុងឱកាសបុណ្យជាប្រពៃណីរបស់ជាតិយើងមានបុណ្យធំៗពីរ គឺរដូវបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មី ដែលជាទំនៀមទម្លាប់ប្រពៃណីជាតិម្តងៗ រដ្ឋបាលសាលាខេត្ត យើងតែងតែបានធ្វើពិធីជួបសំណេះសំណាលជា មួយបងប្អូនជាមន្ត្រីចូលនិវត្តន៍ ដែលជារាមច្បង និងបងប្អូនមន្ត្រីរាជការ កម្មករ រដ្ឋបាលសាលាខេត្តកំពង់ចាមទាំងអស់ ព្រមទាំងឧបត្ថម្ភនូវថវិកា ដើមី្បឱ្យបងប្អូនយកទៅប្រើប្រាស់ទៅតាមសេចក្តីតម្រូវការ។ នេះជាពិធីជួបជុំក្នុងឱកាសបុណ្យភ្ជុំបិណ្ឌព្រមទាំងបានឧបត្ថម្ភនូវថវិកានិងសម្ភារមួយចំនួនដល់បងប្អូនដើមី្បឱ្យបងប្អូនយកទៅជូនលោកឪពុក អ្នកម្តាយជាអ្នកមានគុណព្រមទាំងធ្វើនូវ ម្ហូបអាហារយកជូនអ្នកមានគុណនិងយកទៅប្រគេនព្រះសង្ឃ ដើមី្បឧទិ្ទសកុសល ផលបុណ្យជូនដល់វិញ្ញាណក្ខន្ធ លោកអ្នកមានគុណ ញាតិការប្រាំពីរសន្តាន ដែលបាន ចែកឋានទៅ តាមរយៈព្រះសង្ឃនៅតាមវត្តអារាមដើមី្ប ឧទិ្ទសកុសលផលបុណ្យ ឱ្យដល់វិញ្ញា ណក្ខន្ធអ្នកទាំងអស់បានទទួល និងជួយរំដោះឱ្យរួចចាក ផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយឱ្យបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លាងឃ្លាតឡើយ។

ឯកឧត្តម គួច ចំរើន ក៏បានធ្វើការ ណែនាំនិងផ្តាំផ្ញើដល់មន្ត្រីរាជការ សាលាខេត្ត ទាំងអស់ បន្ទាប់ពីបានត្រឡប់មកវិញត្រូវបន្តបំពេញនូវភារកិច្ចស្នូលរបស់ខ្លួន និងមានការ សាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ព្រមទាំងបម្រើនូវសេវាជូនប្រជាជនឱ្យបានទាន់ពេលវេលា និង ធ្វើការគ្រប់គ្រងឱ្យបានល្អ ចំពោះមន្ត្រីក្រោមឱវាទនៃទីចាត់ការទាំងអស់និងមានការ ទំនាក់ទំនងល្អជាមួយ បណ្តាមន្ទីរ អង្គភាព និង ភ្ញៀវជាតិ អន្តរជាតិ។

ជាពិសេសនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះពេលធ្វើដំណើរត្រូវតែគោរពច្បាប់ចរាចរ ណ៍ និងពាក់មួកសុវត្ថិភាព និងដាក់ខ្សែក្រវាត់សុវត្ថិភាពនៅពេលបើកបរឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងនៃការកើតឡើងនូវគ្រោះថ្នាក់ចរាចរដល់ខ្លួននៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះសុំឱ្យជួបតែសេចក្តីសុខសប្បាយទាំងអស់គ្នា៕

ដោយ ឆាយ ម៉ុត