អ៊ីរ៉ង់ស្វាគមន៍សាលក្រមបណ្តោះអាសន្នតុលាការ អ.ស.ប ចំពោះទណ្ឌកម្មអាមេរិកលើអ៊ីរ៉ង់

AKP ភ្នំពេញ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ — កាលពីថ្ងៃពុធនេះ ក្រសួងការបរទេសអ៊ីរ៉ង់បានស្វាគមន៍បទបញ្ជារបស់តុលាការកំពូល អ.ស.ប ដែលឱ្យ ស.រ.អា លុបចោលទណ្ឌកម្មលើអ៊ីរ៉ង់នៅក្នុងវិស័យខ្លះ ។

ក្រសួងការបរទេសនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ​សាលក្រមធ្វើឡើងដោយតុលាការយុត្តិធម៌អន្តរជាតិ ( ICJ ) ប្រឆាំងនឹងការដាក់ទណ្ឌកម្មជាឯកតោភាគីរបស់អាមេរិក បន្ទាប់ពីការដកខ្លួនរបស់អាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ ២០១៥ នោះ បង្ហាញឱ្យឃើញនូវភាពស្របច្បាប់របស់អ៊ីរ៉ង់ នឹងការដាក់ទណ្ឌកម្មខុសច្បាប់ និងសង្កត់សង្កិនរបស់អាមេរិក ។

សេចក្តីថ្លែងការណ៍បាននិយាយថា បទបញ្ជានេះក៏បានបង្ហាញឱ្យឃើញផងដែរថា ក្រុងវ៉ាស៊ីនតោន ត្រូវបានគេធ្វើឱ្យឯកោថែមទៀតដោយសារតែនយោបាយខុសឆ្គង របស់ខ្លួនចំពោះបណ្តាប្រទេសឯករាជ្យដទៃទៀត ។

កាលពីថ្ងៃពុធ ICJ បានបញ្ជាដល់អាមេរិកឱ្យធានាថា ទណ្ឌកម្មរបស់ខ្លួនប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមនេះ មិនប៉ះពាល់ដល់ស្ថានភាពមនុស្សធម៌ ឬ ការគំរាមកំហែងដល់សុវត្ថិភាព អាកាសចរណ៍ស៊ីវិល ។

សាលក្រមនេះក៏បាននិយាយផងដែរថា ការស្តារឡើងវិញទណ្ឌកម្មប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ដោយ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ( Donald Trump ) នឹងរំលោភលើអាណត្តិនៃសន្ធិសញ្ញាមិត្តភាពឆ្នាំ ១៩៥៥ រវាងប្រទេសទាំងពីរ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )