ចំនួនអ្នកស្លាប់ដោយការរញ្ជួយដី និងស៊ូណាមី នៅឥណ្ឌូណេស៊ីឡើងដល់ ១.៤០៧នាក់

AKP ភ្នំពេញ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ — ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសបាននិយាយថា ចំនួនស្លាប់ពីការរញ្ជួយដីច្រើនលើក ព្រមទាំងស៊ូណាមីដែលជាផលនោះបានឡើងដល់ ១.៤០៧ នាក់កាលពីថ្ងៃពុធ ។ ភាគច្រើននៃអ្នកស្លាប់ត្រូវបានគេរកឃើញនៅ Palu ធានីខេត្ត ។

អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិលោក ស៊ូតូប៉ូ បួរវ៉ុនូហ្គ្រោហូ (​Sutopo Purwo Nugroho ) បាននិយាយថា ប្រតិបត្តិការរុករក និងជួយសង្គ្រោះបានដំណើរការទៅជាមួយនឹងពួកអ្នកជួយ សង្គ្រោះ និងគ្រឿងសម្ភារថែមទៀតដែលចូលរួមនៅក្នុងបេសកកម្មនេះ ។

លោកបាននិយាយថា ទាហាន , ប៉ូលិស , បុគ្គលិករដ្ឋាភិបាល ​ព្រមទាំងពួកអ្នកស្ម័គ្រចិត្តបានប្រមូលផ្តុំគ្នានៅក្នុងតំបន់ដែលរញ្ជួយដោយមហន្តរាយនោះ ដើម្បីចូលរួមជាមួយពួកអ្នកជួយសង្គ្រោះសរុបទាំងអស់ ៦,៣៩៩ នាក់ដែលនៅកន្លែងនោះរួចស្រេចហើយនោះ ព្រមទាំងកំពុងប្រញាប់ប្រញាល់ទៅទាញយកពួកជនរងគ្រោះនៅក្រោមសំណង់បាក់បែក ។

លោក ស៊ូតូប៉ូ និយាយថា តាមរូបភាពផ្កាយរណបមួយឱ្យដឹងថា ការរញ្ជួយដីដែលបានបង្កកឱ្យមាន ស៊ូណាមីនោះបានបំផ្លាញលំនៅដ្ឋាន ២. ៤០៣ខ្នង ដោយឡែកការរញ្ជួយដីតូចៗសរុបទាំងអស់ ៣៦២ លើកដោយមាន ១២ លើកនៃការរញ្ជួយដីតូចៗនេះបានកើតឡើងបន្ទាប់ពីការរញ្ជួយដីដ៏ធំនោះ ។

លោកបាននិយាយថា គ្រោះធម្មជាតិនេះបានបង្ខំឱ្យមនុស្សសរុបទាំងអស់ ៧០.៨២១នាក់​ភៀសខ្លួន ចេញពីលំនៅដ្ឋានរបស់ពួកគេហើយទៅជ្របនៅក្នុងជំរំ ឬនៅក្រោមសំពត់តង់ចំនួន១៤១កន្លែង ។ រហូតមកដល់ពេលនេះសេចក្តីត្រូវការជាមូលដ្ឋានមិនទាំងអស់ទេត្រូវបានគេផ្តល់ឱ្យ ។

អ្នកនាំពាក្យនោះនិយាយផងដែរថា ប្រព័ន្ធព្រមានស៊ូណាមី របស់ប្រទេសចាំបាច់ត្រូវធ្វើការជួសជុលជាបន្ទាន់ ។ អ្នកនាំពាក្យនោះនិយាយថា ប្រទេសឥណ្ឌូណេស៊ីបានដំឡើងប្រព័ន្ធព្រមានស៊ូណាមីជាបន្តបន្ទាប់នៅទូទាំងប្រទេសប្រជុំកោះដែលមានកោះជាង ១៧.៥០០ ។ ប៉ុន្តែចាប់​តាំងពីឆ្នាំ ២០១២ មកប្រព័ន្ធនេះមិនបានដំណើរការទេ ហើយប្រព័ន្ធនេះជាច្រើនត្រូវបានគេបំផ្លាញឬលួច ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )