ភរិយាអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាជីប ត្រូវចាប់ខ្លួនពីបទលាងលុយកខ្វក់

AKP ភ្នំពេញ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ — លោកស្រី រ៉ូស្មា ម៉ានសួរ ( Rosmah Mansor ) ភរិយាអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ​ណាជីប- រ៉ាហ្សាក់ ( Najib Razak ) ត្រូវបានឃុំខ្លួនដោយគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី ( MACC ) កាល ពីថ្ងៃពុធ ហើយនឹងត្រូវគេចោទប្រកាន់ជាមួយការលាងលុយកខ្វក់ ដែលទាក់ទងដល់ក្រុមហ៊ុនវិនិយោគរដ្ឋ 1MDB ។

គណៈកម្មការប្រឆាំងអំពើពុករលួយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកស្រី រ៉ូស្មា ត្រូវបានគេចាប់ខ្លួនបន្ទាប់ពីការសួរចម្លើយ៥ម៉ោងនៅឯទីស្នាក់ការ MACC ក្នុងមជ្ឈមណ្ឌលរដ្ឋបាល Putrajava ។

សេចក្តីថ្លែងការណ៍បាននិយាយថា គណៈកម្មការនេះបានចាប់ខ្លួន លោកស្រី រ៉ូស្មា ម៉ាន់សួរ ក្នុងការ ជាប់ទាកទងជាមួយការស៊ើបអង្កេតការលាងលុយកខ្វក់ បន្ទាប់ពីទទួលបានការអនុញ្ញាតពីការិយាល័យ របស់អគ្គមេធាវី ដើម្បីជំរុញការចោទប្រកាន់នេះដោយនិយាយបន្ថែមថា លោកស្រី រ៉ូស្មា នឹងត្រូវគេយកទៅកាន់តុលាការនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ដែលទាក់ទងដល់ច្បាប់ប្រឆាំងនឹងការលាងលុយកខ្វក់នេះ ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា លោកស្រី រ៉ូស្មា អាចប្រឈមមុខនឹងការចោទប្រកាន់ចំនួន២០ ដែលភាគច្រើននៅក្រោមច្បាប់ប្រឆាំងនឹងការលាងលុយកខ្វក់ ក្នុងការជាប់ទាក់ទងនឹងការទទួលមូល និធិពី SRC Interational អតីតសាខាមួយរបស់ 1 Malayia Development Berhad ( 1MDB ) ។

នៅពេលជាមួយគ្នានោះដែរ ស្វាមីលោកស្រី គឺលោក ណាជីប នឹងប្រឈមមុខនឹងការចោទប្រកាន់ជាង៣០ក្នុងការជាប់ទាក់ទងជាមួយ 1MDB និង SRC interational ដែលមានជាប់ពាក់ព័ន្ធនឹងប្រាក់រាប់រយលានដុល្លារ ដែលបានដាក់ចូលទៅក្នុងគណនីផ្ទាល់ខ្លួនរបស់លោក ។
លោក ណាជីប បានបដិសេធថា មិនបានធ្វើខុសណាមួយទេ ព្រមទាំងបានសន្យាថា គ្មានកំហុស ចំពោះការចោទប្រកាន់ទាំងអស់នេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)