ភរិយារបស់អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីត្រូវបានចាប់ខ្លួន

AKP ភ្នំពេញ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ — កាលពីថ្ងៃទី ៣ ខែតុលា លោកស្រី Rosmah Mansor ភរិយារបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak ត្រូវបានចាប់ខ្លួនដោយគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) ។

យោងតាមលោក K. Kumaraendran ដែលជាមេធាវីរបស់លោកស្រី បាននិយាយអោយដឹងថា លោកស្រីត្រូវបានចាប់ខ្លួន ខណៈដែលលោកស្រីកំពុងផ្តល់សេចក្តីថ្លែងការណ៍របស់លោកស្រីនៅឯទីស្នាក់ការកណ្តាលរបស់ MACC អំពីការស៊ើបអង្កេតអំពើពុករលួយនៅឯមូលនិធិវិនិយោគរដ្ឋ 1Malaysia Development Berhad (1MDB) ។ មេធាវីរូបនេះបាននិយាយថា លោកស្រីនឹងត្រូវចោទប្រកាន់ពីបទលាងលុយកខ្វក់។

លោកស្រី Rosmah មានអាយុ ៦៦ឆ្នាំ ដែលត្រូវបានសាធារណៈជនមើលឃើញថា បានចំណាយប្រាក់រាប់ពាន់ដុល្លារអាម៉េរិកក្នុងការទិញកាបូបម៉ាក Hermes Birkin និងគ្រឿងអលង្ការនៅជុំវិញពិភពលោក។ ការរស់នៅដ៏ហ៊ឺហាររបស់លោកស្រីត្រូវបានធ្វើឱ្យសាធារណៈជនមានការសង្ស័យអំពីការចូលរួមរបស់លោកស្រីក្នុងករណីពុករលួយនេះ។

អាជ្ញាធរម៉ាឡេស៊ីបាននិយាយថា តម្លៃទីផ្សារសរុបនៃគ្រឿងនាឡិកាប្រណីត គ្រឿងអលង្ការ កាបូប និងសាច់ប្រាក់ ដែលត្រូវបានរឹបអូសនៅលើអចលនទ្រព្យដែលទាក់ទងទៅនឹងលោក Najib មានចំនួន ៣៧២លានដុល្លារអាម៉េរិក។

នៅថ្ងៃដដែលនោះ លោក Najib ត្រូវបានសាកសួរដោយអង្គភាពទប់ស្កាត់ការប្រឆាំងនឹងការលាងលុយកខ្វក់ និងប្រឆាំងនឹងភេរវកម្ម (AMLA) រយៈពេល ៣ម៉ោង។ លោកត្រូវបានគេសួរអំពីមូលនិធិ 1MDB និងប្រតិបត្តិការហិរញ្ញវត្ថុរបស់លោកចាប់តាំងពីឆ្នាំ ២០១១ មក។

បន្ទាប់ពីការសួរចម្លើយរួច លោកបានចាកចេញពីទីស្នាក់ការកណ្តាលរបស់ AMLA តាមរយៈច្រកចេញក្រៅដើម្បីចៀសវាងពីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយដែលបានប្រមូលផ្តុំរង់ចាំ។ នេះ គឺជាលើកទី ៤ ហើយ ដែលលោកត្រូវបានហៅឱ្យផ្តល់សេចក្តីថ្លែងការណ៍ដើម្បីសម្របសម្រួលការស៊ើបអង្កេត៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)