នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលស្វាគមន៍វិនិយោគិនបរទេស

AKP ភ្នំពេញ ថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០១៨ — កាលពីថ្ងៃទី ០៣ ខែតុលា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានរៀបចំពិធីទទួលស្វាគមន៍ដាច់ដោយឡែកពីគ្នាចំនួនពីរនៅទីក្រុងហាណូយ សម្រាប់លោក Youn Chul Kim ប្រធានក្រុមហ៊ុន Hanwha Techwin និងលោក Spencer Damian Whiteប្រធានគ្រប់គ្រងក្រុមហ៊ុន Delta Offshore Energy Pte Ltd។

នៅក្នុងពិធីទទួលស្វាគមន៍លោក Youn Chul Kim លោក Nguyen Xuan Phuc លើកឡើងអំពីគម្រោងពង្រីកការវិនិយោគរបស់ក្រុមហ៊ុន Hanwha Techwin នៅក្នុងប្រទេសវៀតណាម ជាពិសេសលើវិស័យបច្ចេកវិទ្យា។

នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់អំពីកំណើនសេដ្ឋកិច្ចខ្ពស់របស់វៀតណាម ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បរិយាកាសធុរកិច្ចល្អប្រសើរ និងសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅជាមួយការចូលរួមរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន ដោយលោកបាននិយាយថា នេះ គឺជាឱកាសទាក់ទាញវិនិយោគិនបរទេសក្នុងការធ្វើពាណិជ្ជកម្ម និងពង្រីកផលិតកម្មនៅក្នុងប្រទេសវៀតណាម។

លោកបានអះអាងថា រដ្ឋាភិបាលវៀតណាមនឹងជួយគាំទ្រ និងបង្កើតលក្ខខណ្ឌល្អប្រសើរសំរាប់វិនិយោគិនបរទេសក្នុងការធ្វើប្រតិបត្តិការនៅវៀតណាម ហើយរំពឹងថា ក្រុមហ៊ុន Hanwha Techwin នឹងក្លាយជាគំរូល្អមួយក្នុងការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេស។

នាយករដ្ឋមន្ត្រីក៏បានសម្តែងក្តីសង្ឃឹមថា ក្រៅពីវិស័យបច្ចេកវិទ្យាខ្ពស់ ក្រុមហ៊ុន Hanwha Techwin នឹងវិនិយោគលើវិស័យផ្សេងៗទៀត ដូចជាទីក្រុងឆ្លាត និងហេដ្ឋារចនាសម្ព័ន្ធជាដើម។

សម្រាប់ផ្នែករបស់លោក Kim លោកបាននិយាយថា ក្រុមហ៊ុន Hanwha ជាក្រុមហ៊ុនចម្រុះជាតិសាសន៍មួយ ហើយបច្ចុប្បន្នបានជាប់ចំណាត់ថ្នាក់ទី ៨ ក្នុងចំណោមក្រុមហ៊ុននៅសាធារណរដ្ឋកូរ៉េ ដោយទទួលបានប្រាក់ចំណូលសរុបចំនួន ៥៧ប៊ីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០១៧ ។

លោកបាននិយាយថា ក្រុមហ៊ុននេះបានវិនិយោគទុនប្រមាណ ៨០០លានដុល្លារអាម៉េរិក នៅក្នុងប្រទេសវៀតណាម ដោយមានក្រុមហ៊ុនតូចៗចំនួន ៥ ដែលនឹងបើកសម្ពោធនៅក្នុងខែវិច្ឆិកា ដែលរួមមានទាំងរោងចក្រផលិតយានយន្តរបស់ខ្លួននៅក្នុងប្រទេសនេះផងដែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)