កម្ពុជា និងវៀតណាម បន្តសហការគ្នាស្វែងរកអដ្ឋិធាតុកងទ័ពដែលបាត់ខ្លួនសម័យសង្គ្រាម

AKP មណ្ឌលគិរី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ –គណៈកម្មាធិការជំនាញរុករកអដ្ឋិធាតុ រវាងខេត្តមណ្ឌលគិរី(កម្ពុជា)និងខេត្តដាក់ឡាក់(វៀតណាម) បានជួបប្រជុំពិភាក្សាគ្នា ស្តីពីការជីកគាស់ រុករក និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីក្នុងសម័យសង្រ្គាមនៅកម្ពុជា នារដូវប្រាំង ឆ្នាំ២០១៨-២០១៩ខាងមុខ។ ការពិភាក្សាគ្នានេះក្រោមវត្តមានឯកឧត្តម ចឹង សុចន្ថា អភិបាលរងខេត្ត និងលោកស្រី ហឺយីម កាដន ប្រធានគណៈកម្មការជំនាញខេត្តដាក់ឡាក់ (វៀតណាម) និងប្រតិភូនៃខេត្តទាំងពីរ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត មណ្ឌលគិរី កាលពីព្រឹកថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨។

 ក្នុងកិច្ចប្រជុំខាងលើនេះ ភាគីទាំងពីរ បានធ្វើការពិភាក្សា និងឯកភាពអំពីកិច្ចសហប្រតិបត្តិការបន្តរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីក្នុងសម័យសង្រ្គាម នៅក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី នារដូវប្រាំង (២០១៨-២០១៩) ដោយចាប់ ផ្តើមបន្តរករុកអដ្ឋិធាតុនេះ ចាប់ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ រហូតដល់ចុងខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ ដែលមានចំនួនកម្លាំង នៃក្រុមការងារជំនាញK51(វៀតណាម) នៃខេត្តដាក់ឡាក់ចំនួន៦៤នាក់ ហើយទីតាំងដែលត្រូវបោះជំរុំរបស់ក្រុមការងារ K51 ត្រូវបានដាក់នៅតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី ។

ដោយឡែក ចំពោះទីតាំងសិក្សា ជីកគាស់ និងស្វែងរកអដ្ឋិធាតុ ត្រូវអនុវត្តន៍នៅក្រុងសែនមនោរម្យ ស្រុកកោះញែក, ស្រុកពេជ្រាដា, ស្រុកអូររាំង, និងស្រុកកែវសីមា ក្នុងខេត្តមណ្ឌលគិរី។

ឯកឧត្តម ចឹង សុចន្ថា អភិបាលរងខេត្ត បានណែនាំដល់ក្រុមការងារជំនាញ K51 នៅក្នុងរយៈពេលនៃការជីកគាស់នៅក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ត្រូវគោរពតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា គោរពទំនៀមទម្លាប់ ប្រពៃណីប្រជាពលរដ្ឋ ជាពិសេសបងប្អូនជនជាតិដើមភាគតិច ហើយក៏សូមឱ្យអាជ្ញាធរតាមបណ្តាក្រុង ស្រុក ឃុំ-សង្កាត់ ត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានដឹង នឹងចូលរួមសហការជាមួយក្រុម K51 ខេត្តដាក់ឡាក់ ក្នុងការអនុវត្តន៍ការងារឱ្យទទួលបានជោគជ័យ៕

ដោយ ចាន់បុត្រ