ក្រុមប្រឹក្សារាជធានីភ្នំពេញកោតសរសើរគណៈអភិបាលលើវិធានការរៀបចំសណ្តាប់ធ្នាប់តាមចិញ្ចើមផ្លូវ និងសូមឲ្យជុំរុញផែនការនេះឲ្យបានខ្លាំងក្លាបន្ថែមទៀត

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញអណត្តិទី២ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៣របស់ខ្លួននាព្រឹកថ្ងៃទី៤តុលា ដើម្បីពិភាក្សា និងអនុមត័របាយការណ៏ការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ និងការងារបច្ចុប្បន្នភាពស្តីពីការអភិវឌ្ឍន៏រាជធានីភ្នំពេញ។

ក្រៅពីរបៀបវារះដែលបានគ្រោងទុក សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងកោតសរសើរ និងឯកភាពទៅលើចំណាត់ការ និងវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញលើបញ្ហាទប់ស្កាត់ឡានធំមិនឲ្យចូលក្រុងពេលថ្ងៃ,បញ្ហារៀបចំ សណ្តាប់ធ្នាប់តាមដងផ្លូវនានា ក៏ដូចទីប្រជុំផ្សារ និងការដោះស្រាយបញ្ហាកកស្ទះចរាចរក្នុងក្រុងជាដើម ។តែទោះបីយ៉ាងណាបញ្ហានៅតែកើតមាន ដូចជាការយកទ្រូងផ្លូវធ្វើជាទីតាំងលក់ដូរ ឬចតយានយន្តបែបអនាធិបតេយ្យធ្វើឲ្យទំហ៊ំផ្លូវរួមតូច បង្កការកកស្ទះចរាចរធ្ងន់ធ្ងរ និងបានទទួលស្គាល់បញ្ហាចរាចរនាពេលបច្ចុប្បន្នជាបន្ទុកធ្ងន់ធ្ងរសំរាប់រាជធានីភ្នំពេញដែលត្រូវយកចិត្តទុកដាក់ដោះស្រាយ។

ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញក៏បានថ្លែងកោតសរសើរផងដែរចំពោះការខិតខំប្រឹងប្រែង របស់រដ្ឋបាលរាជធានីភ្នំពេញ ។

ឯកឧត្តម បានបញ្ហាក់ថា ការងារកែទំរង់របស់រាជរដ្ឋាភិបាលកំពុងដើរចូលកាន់តែជ្រៅទៅក្នុងបេះដូង និងក្រពះប្រជាពលរដ្ឋយើងជាពិសេសគោលនយោបាយគាំពារសង្គម។

ក្នុងនាម ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម កើត ឆែ បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញមានPage រដ្ឋបាលរាជធានីភ្នំពេញដែលទទួលយកព័ត៏មានពីប្រជាពលរដ្ឋ លើបញ្ហាផ្សេងៗរួមទាំងPageផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនផងដែរ ។ ឯកឧត្តម កើត ឆែ បន្តថា រដ្ឋបាលរាជធានីភ្នំពេញបានចេញអាជ្ញាបណ្ណ័ឲ្យម្ចាស់អាជីវកម្មដ្ឋានគឺត្រឹមត្រូវ តែសំខាន់អ្នកអនុវត្តមិនបានត្រឹមត្រូវ ។រដ្ឋបាលរាជធានីភ្នំពេញមិនបានអនុញ្ញាតិឲ្យមានការលក់ដូរលើទ្រូងផ្លូវនោះទេ ហើយនៅពេលខាងមុខនេះរដ្ឋបាលរាជធានីភ្នំពេញនឹងកោះប្រជុំជាមួយអាជ្ញាធរខណ្ឌទាំង១២និងផ្នែកពាក់ពន្ធ័ទៅលើការពង្រឹងការរៀបចំ សណ្តាប់ធ្នាប់តាមដងផ្លូវ ក្រោយពីយើងបានរៀបចំសណ្តាប់ធ្នាប់ទទួលបានលទ្ធ ផលល្អប្រសើរលើដងផ្លូវសំខាន់ៗទាំង១១ខ្សែក្នុងក្រុងកន្លងមក៕