អត្តសញ្ញាណរបស់ក្រុមហេកឃឺដែលគាំទ្រដោយកូរ៉េខាងជើងត្រូវបានស្គាល់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ រ៉យតឺរ (១០.០៤.១៨)

អាមេរិក៖ ​ក្រុមហ៊ុនប្រព័ន្ធសុវត្ថិភាពបច្ចេកវិជ្ជាឈ្មោះ ហ្វាយអាយ (FireEye)នៅថ្ងៃពុធនេះបានបោះពុម្ពផ្សាយរបាយការណ៍ស្រាវជ្រាវយ៉ាងស៊ីជម្រៅមួយទៅលើក្រុមហេកឃឺ ( hacker)របស់កូរ៉េខាងជើងមានឈ្មោះ ថាអេភីធី ៣៨ (APT38)​ដែលបានធ្វើសកម្មភាពដោយជោគជ័យក្នុងការលួចប្រាក់រាប់រយលានដុល្លារពីស្ថាប័នធនាគារនៅទូទាំងពិភពលោក។

របាយការណ៍ដែលបានចេញផ្សាយក្នុងសន្និសីទមួយនៅទីក្រុងវ៉ាស៊ីនតោនបានឱ្យដឹងថា ក្រុមហេកឃឺ អេភីធី ៣៨ នេះបានធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការរបស់ស្ថាប័ន​ជាង ១៦ ក្នុងយ៉ាងហោចណាស់ ១១ប្រទេសនៅទូទាំងពិភពលោកចាប់តាំងពីឆ្នាំ ២០១៤ មក ព្រមទាំងបានព្យាយាមលួចប្រាក់ចំនួនជាង ១,១ពាន់លានដុល្លារ។

ក្រុមហ៊ុន ហ្វាយអាយ បាននិយាយថាបេសកកម្មចម្បងរបស់ក្រុមហេកឃឺនេះគឺសំដៅលើស្ថាប័នហិរញ្ញវត្ថុនានានិងប្រព័ន្ធហិរញ្ញវត្ថុរបស់ធនាគារដើម្បីបង្កើនប្រាក់កម្រៃជាច្រើនដល់ប្រទេសកូរ៉េខាងជើង។