សហរដ្ឋអាមេរិកបញ្ជូនកងទ័ពជើងទឹកទៅប្រយុទ្ធប្រឆាំងនឹងក្រុមអាយស៊ីសនៅស៊ីរីភាគខាងកើត

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (០៤.១០.១៨)

ស៊ីរី៖ តាមប្រភពពីអ្នកឃ្លាំមើលសង្គ្រាមបានឲ្យដឹងថាយន្តហោះអាមេរិកមួយគ្រឿងកាលពីថ្ងៃពុធបានដឹកនាំកងកម្លាំងជើងទឹកទៅកាន់សមរភូមិដើម្បីប្រឆាំងនឹងក្រុមអាយស៊ីសក្នុងខេត្តភាគខាងកើតរបស់ប្រទេសស៊ីរី ។

កងទ័ពជើងទឹកអាមេរិកនឹងចូលរួមជួយក្នុងសមរភូមិជាមួយកងកម្លាំងប្រជាធិបតេយ្យប្រដាប់អាវុធស៊ីរី (SDF)
ប្រឆាំងនឹងពួកសកម្មប្រយុទ្ធអាយស៊ីស ។យោងតាមអង្គការឃ្លាំមើលសង្គ្រាមលោកដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍បានឱ្យដឹងថាសកម្មភាពរបស់សហរដ្ឋអាមេរិកមានគោលបំណងបង្កើនកម្លាំងយោធាប្រឆាំងនឹងក្រុមអាយស៊ីសនៅច្រាំងភាគខាងកើតទន្លេអ៊ឺរ៉ាដ (Euphrates)ក្នុងប្រទេសស៊ីរី ។

របាយការណ៍ថ្មីៗបាននិយាយថាទឹកដីក្នុងប្រទេសស៊ីរីដែលគ្រប់គ្រងដោយក្រុមអាយស៊ីសបានធ្លាក់ចុះមកត្រឹម ១
ភាគរយដែលកាលពីប៉ុន្មានឆ្នាំមុនពួកសម្មប្រយុទ្ធនេះបានគ្រប់គ្រងជិតពាក់កណ្តាលនៃផ្ទៃប្រទេស ។

រដ្ឋាភិបាលស៊ីរីបានរិះគន់ប្រតិបត្តិការក្នុងប្រទេសទាំងអស់ថាជាការខុសច្បាប់ចាប់តាំងពីសម្ព័ន្ធមិត្តដែលដឹកនាំដោយអាមេរិកបានចូលធ្វើសង្គ្រាមក្នុងប្រទេសស៊ីរីនៅឆ្នាំ ២០១៤មក។ សហរដ្ឋអាមេរិកក៏បានព្យាយាមមានវត្តមាននៅភាគខាងកើតប្រទេសស៊ីរីតាមរយៈការគាំទ្រដល់កងកម្លាំងជនជាតិឃឺដដើម្បីធានាផលប្រយោជន៍របស់ខ្លួននៅក្នុង​ប្រទេសស៊ីរី។