កម្ពុជាគ្រោងបើកស្ថានឯកអគ្គរាជទូតនៅប្រទេសតួកគី

AKP ភ្នំពេញ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ –រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួនប្រចាំនៅទីក្រុងអង់ការ៉ា ប្រទេសតួកគី នៅឆ្នាំ២០១៩ខាងមុខនេះ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងទៅកាន់សាធារណរដ្ឋតួកគីនាពេលខាងមុខនេះ ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ការបើកស្ថានឯកអគ្គរាជទូតរបស់កម្ពុជានេះ គឺដើម្បីរឹតចំណងមិត្តភាពជាមួយរដ្ឋាភិបាលប្រទេសតួកគីឱ្យកាន់តែស្អិតល្មួត និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋតួកគី ចាប់ពីថ្ងៃទី០១ដល់០៣ ខែតុលា ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់រដ្ឋមន្រ្តីការបរទេសតួកគី ក្នុងគោលបំណងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-តួកគីឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំថែមទៀត និងត្រៀមរៀបចំដំណើរទស្សកិច្ចផ្លូវការរបស់      សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់សាធារណរដ្ឋតួកគីនាពេលខាងមុខនេះ

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា រដ្ឋាភិបាលតួកគី បានឯកភាពជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយនឹងរៀបចំកិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ចចម្រុះលើកទី២ នៅពេលខាងមុខ ដើម្បីដាក់ចេញនូវវិធានការបន្ថែមទៀត ក្នុងការជំរុញភាពជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ច រួមទាំងកិច្ចខិតខំប្រឹងប្រែងសំដៅសម្រេចឱ្យបាននូវគោលដៅនៃទំហំពាណិជ្ជកម្ម ៥០០លានដុល្លារអាម៉េរិក នាឆ្នាំខាងមុខ។

រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានឯកភាពធ្វើការរួមគ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យវិនិយោគ ពាណិជ្ជកម្ម ការហោះហើរត្រង់ បច្ចេកវិទ្យា ទេសចរណ៍ កសិកម្ម អប់រំ កីឡា វប្បធម៌ ធនធានទឹក ជាដើម។ ជាមួយគ្នានេះក៏បានចុះហត្ថលេខាលើអនុស្សរណៈដើម្បីជំរុញកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថានការទូត នៃក្រសួងការបរទេសប្រទេសទាំងពីរ។
ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការនយោ បាយ និងសេដ្ឋកិច្ច ព្រមទាំងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ ដើម្បីធ្វើឱ្យទំនាក់ទំនងទ្វេភាគីកើនឡើងមួយកម្រិតទៀត និងបានឯកភាពធ្វើការជាមួយគ្នាក្នុងការប្រយុទ្ធប្រឆាំងចំពោះការគំរាមគំហែងដល់អធិបតេយ្យភាព ឯករាជ្យភាព និងលទ្ធិប្រជាធិបតេយ្យនៃប្រទេសទាំងពីរ។

ប្រទេសកម្ពុជា និងតួគី កំពុងខិតខំជំរុញឱ្យមានការចុះហត្ថលេខាលើអនុស្សរណនៃការយោគយល់គ្នាអំពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៅចុងឆ្នាំ២០១៨នេះ ដើម្បីជំរុញការវិនិយោគ ការបណ្តុះបណ្តាល និងការហោះហើរត្រង់ ពីតួកគីមកកាន់កម្ពុជា។ កិច្ចខិតខំប្រឹងប្រែងនេះ បន្ទាប់ពីទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរកាលពីឆ្នាំ២០១៧ ទើបតែសម្រេចបានក្នុងទឹកប្រាក់ជាង ៧៥លានដុល្លារអាម៉េរិក៕

ដោយ ងិន សុផល