មន្ត្រីកាំកុងត្រូលខេត្តសៀមរាបចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារក្នុងរដូវភ្ជុំបិណ្ឌ

AKP សៀមរាប ថ្ងៃទី ខែតុលា ឆ្នាំ២០១៨ –មន្រ្តីសាខាកាំកុងត្រូលខេត្តសៀមរាបដែលបានចុះចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារក្នុងរដូវភ្ជុំបិណ្ឌបានឱ្យដឹងថា ប្រភេទចំណីអាហារវេចខ្ចប់រួច នៅតែមានការបន្លំតិចតួចក្នុងការដាក់តាំងលក់នៅលើទីផ្សារ ខណៈដែលប្រភេទម្ហូបអាហារស្រស់ បានពិនិត្យនិងពិសោធន៍ឃើញថា ពុំមានសារធាតុគីមីហាមឃាត់នោះទេ ។ ការចុះត្រួតពិនិត្យនេះបានធ្វើឡើងកាលពីថ្ងៃកាន់បិណ្ឌទី៩ ពោលគឺថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំចសំរឹទ្ធស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី ខែតុលា ឆ្នាំ២០១៨ នៅផ្សារលើធំថ្មី ក្រុងសៀមរាប។

       លោក ព្រៅ ខេមរិទ្ធ ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប ដែលបានដឹកនាំការចុះត្រួតពិនិត្យដោយផ្ទាល់នោះបានមានប្រសាសន៍ឱ្យដឹងថា ក្នុងយុទ្ធនាការភ្លៀងរលឹមដែលបានដាក់ចេញដោយអគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញ នីហរណ អាហរណ និងបង្ក្រាបការក្លែងបន្លំ ដែលគេស្គាល់ជាសាមញ្ញថា កាំកុងត្រូល លើការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ ភេសជ្ជៈ គ្រប់ប្រភេទ ដែលដាក់តាំងលក់ដុំ និងលក់រាយនៅលើទីផ្សារទាំងនៅទីក្រុង ទីប្រជុំជន និងនៅទីជនបទនោះ  ជាលទ្ធផលគឺអាជីវករ និងអ្នកទិញប្រើប្រាស់បរិភោគ មានការយល់ដឹងកាន់តែប្រសើរឡើង ពោលគឺអ្នកលក់មានការទទួលខុសត្រូវចំពោះសុខភាពអ្នកទិញ  ហើយអ្នកទិញក៏ចេះស្រឡាញ់សុខភាពខ្លួនឯងដែរ។

        លោក ព្រៅ ខេមរិទ្ធ បានឱ្យដឹងទៀតថា ការចុះត្រួតពិនិត្យ និងការធ្វើពិសោធន៍ជាក់    ស្តែងនៅតាមទីតាំងផ្សារនានាកន្លងមក លើការពិសោធន៍ស្រាវជ្រាវរកសារធាតុគីមីហាមឃាត់នៅក្នុងម្ហូមអាហារ គឺជាវិញ្ញាសាមួយដ៏មានប្រសិទ្ធភាព ដែលបានព្រមានដល់អ្នកលក់ ដែលគ្មានការទទួលខុសត្រូវចំពោះសុខភាពអ្នកទិញបរិភោគនោះឱ្យទទួលយកនូវការកែប្រែជាវិជ្ជ មាន។ ជាមួយគ្នានេះដែរ ប្រភេទចំណីអាហារវេចខ្ចប់រួច ដូចជាអាហារកំប៉ុង អាហារកញ្ចប់ និងភេសជ្ជៈជាដើម ដែលគេកំណត់អំពីគុណភាពលើការរក្សាភាពដើម មិនកំពិត មិនរហែក ឬកំណត់ដោយកាលបរិច្ឆេទប្រើប្រាស់នោះ នៅមានបន្លំដាក់តាំងលក់តិចតួចនៅឡើយ ប្រភេទទំនិញដែលខូចគុណភាពបែបនេះ ។  

        លោក ព្រៅ ខេមរិទ្ធ បានឱ្យដឹងដែរថា មួយរយៈពេលដ៏វែងកន្លងមក ទោះបីជាសាខាកាំកុងត្រូលខេត្តបានរកឃើញកំហុសរបស់អាជីវករលើការបំពានដាក់តាំងលក់ទំនិញខូចគុណភាព ឬហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួននោះ គឺស្ថិតក្នុងកម្រឹតនៃការដកហូតទំនិញ និង  ផ្តល់ការអប់រំតែប៉ុណ្ណោះ ដោយកំហុសទាំងនោះពុំទាន់ឈានចូលក្នុងកម្រឹតធ្ងន់ធ្ងរនៅឡើយ។  លោកបានបញ្ជាក់ថា បើស្ថិតក្នុងស្ថានភាពធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអតិថិជននោះ អាជីវករនឹងមានការប្រឈមចំពោះមុខច្បាប់។ លោកក៏បានធ្វើការអំពាវនាវដល់បងប្អូនជាអតិ ថិជនទាំងអស់ នៅពេលទិញទំនិញខ្ចប់វិច ជាកំប៉ុងត្រូវធ្វើការត្រូតពិនិត្យថ្ងៃបរិច្ឆេទនៃការផលិតទំនិញទាំងនោះ សំខាន់រាល់ទំនិញសាច់ស្រស់ ដែលធ្វើការក្លាស់សេជាយូថ្ងៃ ដែលធ្វើឱ្យខូចគុណភាព ដែលជាបញ្ហាធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់

ដោយហង្ស សៀក