កិច្ចប្រជុំពិភាក្សាការគាំទ្រ និងការពង្រឹងការងារគ្រប់គ្រងរដ្ឋបាលខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី០៤ ខែតុលា ​ឆ្នាំ២០១៨ –នៅក្នុងកិច្ចប្រជុំពង្រឹងការងារគ្រប់គ្រងរដ្ឋបាលខេត្តព្រះសីហនុឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការងារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងខេត្តព្រះសីហនុ ក្នុងនាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងមហាផ្ទៃ បានកោតសរសើរ វាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំបំពេញការងារគ្រប់គ្រងរដ្ឋបាលខេត្ត ក្នុងការថែរក្សាសន្តិសុខសាធារណៈ ដើម្បីបង្កលក្ខណៈសម្បត្តិបានល្អជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ  នៅសាលាខេត្តព្រះសីហនុ កាលពីថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែតុលា  ឆ្នាំ២០១៨ ។


    ឯកឧត្តមមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលបានកំណត់ប៉ូលសេដ្ឋកិច្ច៣ មានខេត្តព្រះសីហនុ ក្រុងភ្នំពេញ និងខេត្តសៀមរាប ហើយប៉ូលសេដ្ឋកិច្ចទាំង៣ មានសន្ទុះឡើងយ៉ាង លឿន ពិសេសប៉ូលសេដ្ឋកិច្ចខេត្តព្រះសីហនុ កំពុងបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ការហូរចូលយ៉ាងគំហុកអ្នកវិនិយោគិនបរទេស ដែលមកធ្វើការអភិវឌ្ឍនៅខេត្តព្រះសីហនុ ធ្វើឱ្យខេត្តព្រះសីហនុមានការអភិវឌ្ឍរីកចម្រើននាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ សមត្ថកិច្ចរបស់យើងបានបំពេញការងារយ៉ាងសកម្ម ដើម្បីសម្របសម្រួល ដោះស្រាយបានទាន់ពេលវេលា ខណៈដែលការអភិវឌ្ឍកំពុងមានសន្ទុះកើនឡើង ។ ក្រសួងមហាផ្ទៃបានបញ្ជូនក្រុមអធិការកិច្ច ដើម្បីពិនិត្យវាយតម្លៃផលប៉ះពាល់ទាំងវិជ្ជមាន និងអវិជ្ជមាន ដែលចេញពីការអភិវឌ្ឍនៅទីនេះ បានចាត់ទុកថា ការអភិវឌ្ឍនៅខេត្តព្រះសីហនុ ពិតជាមានសារ:សំខាន់ និងបានជំរុញសេដ្ឋកិច្ចជាតិ ទទួលបានផលប្រយោជន៍យ៉ាងសំខាន់ ទន្ទឹមនេះក៏មានចំណុចប្រឈមមួយចំនួន ដើម្បីរួមគ្នាដោះស្រាយប្រកបដោយចីរភាព និងនិរន្តរភាពផងដែរ ។ ក្រសួងមហាផ្ទៃបានបង្កើតក្រុមការងារមួយ ជួយដល់រដ្ឋបាលខេត្ត ក្នងការពង្រឹងការវិវឌ្ឍរួមគ្នាជាមួយរដ្ឋបាលខេត្ត នៅចំពោះមុខ ការប្រមើលមើលរយ:ពេលមួយឆ្នាំនេះ ដើម្បីកំណត់បញ្ហាដោះស្រាយរយពេលខ្លី និងរយៈពេលវែង ។ ដោយសារការហូរចូលនូវជនបរទេសយ៉ាងគំហុក ធ្វើឱ្យរដ្ឋបាលរបស់យើងមានបញ្ហាប្រឈមមួយចំនួន ដើម្បីឆ្លើយតបការកើនឡើងយ៉ាងគំហុកនេះ ក្រសួងមហាផ្ទៃបានបញ្ជូនក្រុមការងារមកសហការជាមួយរដ្ឋបាលខេត្ត ក្នុងការជួយដោះស្រាយបញ្ហាប្រឈមធំៗ ហើយក្រុមការងារក៏មិនធ្វើកិច្ចការហួសលើសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត គឺការទទួលខុសត្រូវរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៅដដែលដើម្បីផ្តល់ផលប្រយោ ជន៍ដល់ប្រជាពលរដ្ឋក្នុងខេត្ត និងផលប្រយោជន៍ជាតិទាំងមូល ។ 
   

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានជម្រាបជូនអំពីសកម្មភាពទូទៅរបស់ខេត្ត បានបង្កើតអង្គភាពច្រកចេញចូលតែមួយ និងមានក្រុមហ៊ុនវិនិយោគចំនួន ៣៣ ក្នុងនោះវិនិយោគលើវិស័យទេសចរណ៍មាន ២៣ក្រុមហ៊ុន, សេវាកម្មទេសចរណ៍ ៦ក្រុមហ៊ុន,វិសយអចលនទ្រព្យ ៤ក្រុមហ៊ុន, មានក្រុមហ៊ុនវិនិយោគតាមកោះ ១៩ក្រុមហ៊ុន ។ ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេស៤  បញ្ហាប្រឈមមានអនាម័យ និងបរិស្ថាន ក្នុងពេលកំណើនជនបរទេសមកវិនិយោគយ៉ាងគំហុក មានកម្មករខ្មែរ និងកម្មករបរទេស ក៏ប៉ុន្តែវាមានការឆកល្វែងសណ្តាប់ធ្នាប់ ការកកស្ទះចរាចរណ៍ជាដើម ក៏ប៉ុន្តែបញ្ហានេះរដ្ឋបាលខេត្ត បានដោះស្រាយបានជាបន្តបន្ទាប់ ៕

ដោយ ងូ សុមុនី