រថយន្ដក្រុង នឹងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋទៅតាមបណ្ដាខេត្ដនានា ដោយឥតគិតថ្លៃក្នុង ឱកាសបុណ្យភ្ជុំបិណ្ឌ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ –បើយោងតាមសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ឱ្យដឹងនៅរសៀលថ្ងៃពុធ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ថា រថយន្ដក្រុងនឹងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋទៅតាមបណ្ដាខេត្ដនានា ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ  ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ទៅកាន់ខេត្តនានា ក៏ដូចជាពេលត្រឡប់មករាជធានីភ្នំពេញវិញឱ្យមានលក្ខណៈល្អប្រសើរ

នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់កាដូថ្មីមួយទៀត ជូនដល់ប្រជាពលរដ្ឋ ដោយបញ្ជាឱ្យសាលារាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុង សាធារណៈ ចំនួន ១២០គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅកាន់ខេត្តនានា និងពីខេត្តនានាត្រឡប់មករាជធានីភ្នំពេញវិញ(ទាំង​ទៅទាំងក)ដោយមិនគិតថ្លៃ រយៈពេល៦ថ្ងៃ ។

ការដឹកជូនប្រជាពលរដ្ឋទៅវិញទៅមកដោយឥតគិតថ្លៃ រវាងរាជធានីភ្នំពេញទៅស្រុកកំណើតនេះ នឹងចាប់ផ្តើមធ្វើឡើងនៅរាងរាល់ម៉ោង៥ៈ៣០នាទីព្រឹក ពីថ្ងៃទី០៦ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ដោយអនុវត្តន៍នៅលើផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦, ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៨។

ជាមួយនោះដែរសាលារាជធានីភ្នំពេញ នឹងប្រើប្រាស់រថយន្តក្រុងចំនួន៩៥គ្រឿង ដើម្បីដឹកជញ្ជូនដោយមិនបង់ប្រាក់រយៈពេល០៣ថ្ងៃ ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨។

សូមបញ្ជាក់ថា ក្រៅពីការផ្តល់កាដូឱ្យមានការដឹកជញ្ជូនប្រជាពលរដ្ឋទៅមកស្រុកកំណើតដោយឥតគិតថ្លៃនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានប្រកាសឱ្យសហគ្រាស និងគ្រឹះស្ថានទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តន៍ច្បាប់ស្តីពីការងារ អនុញ្ញាតឱ្យកម្មករនិយោជិត បានឈប់សម្រាក់ចំនួនថ្ងៃ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយបើកប្រាក់ឈ្នួលមុនបុណ្យប្រពៃណីនេះផងដែរ។ ក្រៅពីនេះមន្រ្តីរាជការក៏ទទួលបានប្រាក់ឧបត្ថម្ភម្នាក់ៗ៥ម៉ឺនរៀល នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះថែមទៀត៕

ដោយសួស សំរិត