អាជ្ញាធរខេត្តឧត្តរមានជ័យ សំណេះសំណាល​ជាមួយមន្ត្រីរាជការសាលាខេត្ត​ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ​

AKP ឧត្តរមានជ័យ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ –នៅសាលប្រជុំរបស់រដ្ឋបាលសាលាខេត្តឧត្តរមានជ័យ មានរៀបចំពិធីជួបសំណេះ សំណាលជាមួយមន្ត្រីរាជការសាលាខេត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ក្រោមអធិបតីភាពឯកឧត្តមយឹម ធិនប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថាវី អភិបាលនៃគណ:អភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត និង មន្ត្រីសាលាខេត្តទាំងអស់ កាលពីរសៀលថ្ងៃពុធ ៩រោចខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី0៣ ខែតុលា ឆ្នាំ២០១៨

ឯកឧត្តម ស ថាវី បានមានប្រសាសន៍ថា ដោយប្រទេសយើងមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយពេលនេះនៅតាមវត្តអារាម បងប្អូនប្រជាពលរដ្ឋខ្មែរយើងកំពងតែប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌដែលមានរយៈពេល១៥ថ្ងៃ ដែលចាប់តាំងពីថ្ងៃអង្គារ ទី១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ រហូតដល់ ថ្ងៃអង្គារ ទី១៥រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨ ហេតុនេះដើម្បីឱ្យមន្ត្រីរាជការសាលាខេត្ត បានធ្វើដំណើរទៅលេងស្រុកកំណើត បានជួបជុំក្រុមគ្រួសារ និងធ្វើបុណ្យធ្វើទាន ក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ជាការលើកទឹកចិត្តខេត្តឧបត្ថម្ភក្នុងម្នាក់ៗនូវថវិកា ៤០ម៉ឺនរៀល ទឹកផ្លែឈើ កេស អង្គរ ២៥គីឡូក្រាម

ឯកឧត្តមបានបន្តថា រាល់ការធ្វើដំណើរត្រូវគោរពច្បាប់ចរាចរណ៍ជានិច្ច បើកបរត្រូវចេះយោគយល់គ្នាទៅវិញទៅមក និងត្រូវចេះថែទាំសុខភាព សូមឱ្យការធ្វើដំណើរទៅប្រកបដោយ សុខសុវត្ថិភាពទាំងពេលទៅ និងពេលត្រឡប់មកវិញ ៕

ដោយ ទិត ស្រ៊