រាជរដ្ឋាភិបាលផ្តល់ស្រូវពូជ ស្រូវសែនក្រអូបជិត៣០០តោនដល់ប្រជាកសិកររងគ្រោះ ដោយសារទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ

AKP បន្ទាយមានជ័យ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ –ប្រជាកសិកររងគ្រោះដោយសារជំនន់ទឹកភ្លៀងបំផ្លាញដំណាំស្រូវ.៧៦៣គ្រួសារនៅ ក្នុង​ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យបានទទួលស្រូវពូជស្រូវសែនក្រអូបជិត ៣០០តោនជា​ស្បៀងសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាលដើម្បីស្តារការដាំដុះឡើងវិញបន្ទាប់ពីទឹកបានស្រក​ចុះនោះ

ស្រូវពូជនេះត្រូវបានគណៈកម្មា​ធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យចុះចែកជូនដល់ប្រជាកសិកររងគ្រោះទឹកជំនន់លិចស្រូវខូចខាតនាពេលថ្មីៗកន្លងមកនេះលើ៥០ភូមិ ក្នុង៦ឃុំរបស់ស្រុកមង្គលបូរី កាលពីថ្ងៃពុធ៩រោច ខែភទ្របទ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី ខែតុលាឆ្នាំ២០១៨ ដើម្បីជួយដោះស្រាយដល់ប្រជាកសិករដែល កំពុងខ្វះស្រូវពូជធ្វើការដាំដុះឡើងវិញនោះឱ្យបានទាន់ពេលវេលា។

ក្នុងពិធីចែកស្រូវដល់ប្រជាកសិកររងគ្រោះក្នុងឃុំសំបួរ លោកអ៊ុំរាត្រី អភិបាលរងខេត្ត បន្ទាយមានជ័យ មានប្រសាសន៍ថា ដោយមើលឃើញពីការ​លំបាករបស់​ប្រជាពលរដ្ឋដែល ទទូលរងគ្រោះដោយជំនន់ទឹកភ្លៀងបំផ្លាញស្រូវអស់នោះរាជ​រដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់ស្រូវពូជស្រូវសែនក្រអូបនេះ​ជូនដល់ ប្រជាកសិករ ដែលនេះបង្ហាញពីការយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះ​ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះលោក អ៊ុំ រាត្រី បានក្រើនរម្លឹកដល់ប្រជាកសិករឱ្យបន្តយកចិត្តទុក​ដាក់ ប្រឹងប្រែងធ្វើការស្តារការដាំដុះស្រូវឡើងវិញលើដីស្រែដែលរងការខូចខាតនេះឱ្យបានទាន់ ពេលវេលា ទោះបីអំណោយស្រូវពូជដែលទទួលបាននេះតិចតួតែនេះជាចំណែកមួយបាន ជួយបំពេញដល់ការខ្វះខាតផងដែរ។ ជាមួយនោះដែរលោកអភិបាលរងខេត្តក៏បានជំរុញដល់ អាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធ រួមជាមួយប្រជាកសិករគប្បីចូលរួមទាំងអស់គ្នាថែរក្សាទឹក ទុកឱ្យបានត្រឹមត្រូវនៅក្នុងប្រព័ន្ធធារាសាស្ត្រនានាសម្រាប់ប្រើប្រាស់និងស្រោចស្រពដល់ដំណាំកសិកម្មនាពេលខាងមុននេះ។

សូមបញ្ជាក់ថា ស្រូវពូជនេះបានធ្វើការចុះចែកនៅតាមឃុំគោលដៅនីមួយៗ​ដោយក្នុង ១គ្រួសារទទួលបាន១០០គីឡូក្រាម ដែលក្នុងនោះមាននៅឃុំសំបួរ ១១ភូមិ មានប្រជាពល រដ្ឋ ៩៤១គ្រួសារ​, ឃុំរហាត់ទឹក ១០ភូមិ មានប្រជាពលរដ្ឋ ៧៨៩គ្រួសារ​​, ឃុំបត់ត្រង់ ១០ភូមិ មានប្រជាពលរដ្ឋ ២៣៣គ្រួសារ​, ឃុំចំណោម ៦ភូមិ មានប្រជាពលរដ្ឋ ២៦៣គ្រួសារ​, ឃុំតាឡំ ៦ភូមិ មានប្រជាព​លរដ្ឋ ២៧២គ្រួសារ និងឃុំគោកបល្ល័ង្គ ៧ភូមិ មានប្រជាពលរដ្ឋ ២៦៥ គ្រួសារ

ដោយ ឈុន សារ៉ាត