ក្រសួងបរិស្ថានរៀបចំបង្កើតយន្តការថែរក្សាការពារនិរន្តរភាពបរិស្ថាន រាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ –នៅទីស្តីការក្រសួងបរិស្ថានកាលពីថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក .ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ​ឆ្នាំ២០១៨ បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយម្ចាស់បុរី និងខុនដូ រកដំណោះស្រាយរួមមួយដើម្បីបង្កើតយន្តការរៀបចំថែរក្សាការពារនិរន្តរភាព បរិស្ថាន រាជធានីភ្នំពេញក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ។

ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងបន្តថា កិច្ចប្រជុំខាងលើមានការចូលរួមពីបណ្តា ថ្នាក់ដឹកនាំចំណុះក្រសួងបរិស្ថានពាក់ព័ន្ធ រួមទាំងសមាគម និងបណ្តាក្រុមហ៊ុន វិនិយោគ និងអភិវឌ្ឍន៍លំនៅឋានប្រមាណ ៤០ក្រុមហ៊ុននៅរាជធានីភ្នំពេញ។ ប្រភពដដែលបន្តថា កិច្ចប្រជុំពិគ្រោះយោបល់នេះធ្វើឡើងដើម្បីស្នើសុំនូវមតិយោបល់ពីបណ្តាក្រុមហ៊ុនពាក់ព័ន្ធ លើការវិនិយោគលំនៅឋានទាំងអស់ ដើម្បីធ្វើការរួមគ្នាក្នុងការរៀបចំលំនៅឋាន និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំក្រុង ធ្វើយ៉ាងណាប្រែក្លាយលំនៅឋាន ក៏ដូចជាបុរីទាំងអស់នោះ ប្រកបដោយភាពបៃតង មានសោភណភាព និងបរិស្ថានស្អាត។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានមានប្រសាសន៍ថា តាមរយៈកិច្ចប្រជុំពិគ្រោះយោបល់នេះ ក៏ដូចជាការរៀបចំគោលនយោបាយទាក់ទងការសាងសង់លំនៅឋានឱ្យត្រូវទៅតាមស្ថានភាពជាក់ស្តែង ដោយគិតគូរបញ្ហាបរិស្ថានជាចម្បង ក្នុងនោះស្នើដល់ក្រុមហ៊ុនវិនិយោគទាំងអស់ មុននឹងធ្វើការសាងសង់ត្រូវគិតពីបញ្ហាប្រព័ន្ធលូ និងប្រព័ន្ធចម្រោះទឹក ការញែក និងគ្រប់គ្រងសំរាម ក៏ដូចជាការសាងសង់យ៉ាងដូចម្តេចដើម្បីមានបរិ ស្ថាន និងមានបរិយាកាសល្អដើម្បីចូលរួមលើកកម្ពស់កិច្ចគាំពារបរិស្ថាននៅក្នុងទីប្រជុំជនក្រុង និងរាជធានីភ្នំពេញផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាគោលការណ៍ទាំងនេះក៏នឹងត្រូវអនុវត្តន៍នៅក្នុងការវិនិយោគ និងអភិវឌ្ឍន៍លំនៅឋាននៅថ្នាក់ខេត្តផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តម សាយ សំអាល់ ក៏បានជំរុញឱ្យម្ចាស់គម្រោងអភិវឌ្ឍន៍បុរីទាំងអស់ គិតគូរបញ្ចូលក្នុងផែនការរបស់ខ្លួន នូវ​ការគ្រប់គ្រងសំណល់រឹង សំរាមឱ្យបានល្អផងដែរ។​ ឯកឧត្តមបានបន្ថែមថា ដើម្បីលើកទឹកចិត្តដល់បុរីដែលបានគិតគូរដល់បរិស្ថាន ក្រសួងនឹងគិតគូរពីការប្រកួតប្រជែង ក្នុងចំណោមបុរីនានា និងផ្តល់នូវការលើកទឹកចិត្តទទួលស្គាល់ដល់ការចូលរួមថែរក្សា និងស្រឡាញ់បរិស្ថាន។ ក្រៅពីការលើកសំណូមពរមួយចំនួន អ្នកអភិវឌ្ឍន៍លំនៅឋា នៅរាជធានីភ្នំពេញបានគាំទ្ររាល់ការលើកឡើងទាំង ឡាយរបស់ក្រសួងបរិស្ថាន៕

ដោយ ពេជ្រ ណារិទ្ធ