សម្តេច​​ពិជ័យ​សេនា​ ទៀ បាញ់ អញ្ជើញចូលរួមក្នុងកិច្ច ប្រជុំបូកសរុបលទ្ធផលការងារ​៩ខែ និង​លើកទិស​ដៅ​ត្រីមាស​ទី៤​ ឆ្នាំ​២០១៨​

AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ — ក្រសួង​ការ​ពារ​ជាតិ រៀបចំកិច្ចប្រជុំ​​បូក​សរុប​លទ្ធផលការ​ងារ​៩​ខែ និង​លើកទិស​ដៅ​អនុវត្ត​ន៍ត្រីមាស​ទី៤​ ឆ្នាំ​២០១៨​ នា​ព្រឹក​ថ្ងៃ​​អង្គារ​ ៨រោច ​ខែ​ភទ្របទ​ ឆ្នាំច​ សំរឹទ្ធិស័ក ​ព.ស២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី០២​ ខែ​តុលា​ ឆ្នាំ​​២០១៨​ ​ក្រោម​អធិបតី​ភាព​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​។​   

ប្រភពព័ត៌មានពីក្រសួង​ការ​ពារ​ជាតិបានឱ្យដឹងថា ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​សំ វ៉ាន់ថន ​អគ្គលេខា​ធិការ​ក្រសួង​ការពារជាតិ ​បាន​អាន​របាយ​ការណ៍​បូក​សរុប​ការ​ងារ​ ដោយ​បាន​លើក​ឡើង​ពី​ព្រឹត្តិការណ៍​សំខាន់​ៗ ដែល​បាន​កើត​មាន​​ឡើង​នៅ​ក្នុង​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ និង​បាន​បង្ហាញ​ពី​សភាពការណ៍​​វិវត្តន៍​រីក​ចម្រើន​ថ្មីៗ​​​ ក្រោយ​ពី​ការ​បោះ​ឆ្នោត​ ជ្រើស​រើស​តំណាង​រាស្ត្រ​ទូទាំង​ព្រះ​រាជាណាចក្រ​កម្ពុជា​។​ ក្នុងរបាយការណ៍​ក៏​បាន​លើក​ឡើង​ផង​ដែរ​ ពី​លទ្ធ​ផល​ការ​ងារ​ នៃ​កិច្ច​ការ​ពារ​សន្តិសុខ​ ស្ថិរភាព ​សណ្តាប់​ធ្នាប់​សាធារណៈ ​ដែល​កង​យោធពល​ខេមរ​ភូមិន្ទ​ ក៏​ដូច​ជា​កង​រាជ​អាវុធ​ហត្ថ​ ខិត​ខំ​ពុះ​ពារ​សម្រេច​បាន​ នៅ​ក្នុង​រយៈ​ពេល​៩​ខែ​កន្លង​ទៅ​ ក្រោម​កិច្ច​សហការ​ជា​មួយ​កម្លាំង​​មាន​សមត្ថកិច្ច​​ និង​អាជ្ញាធរ​មូល​​ដ្ឋាន​ក្នុង​ភារ​កិច្ច​ ការ​ពារ​ការ​បោះ​ឆ្នោត​។​
ក្នុងរបាយការណ៍​បានបញ្ជាក់ថា ចំណែក​ឯលទ្ធផល​ការ​ងារ​កែ​ទម្រង់​កង​យោធពល​ខេមរ​ភូមិន្ទ​វិញ​ នៅ​ក្នុង​រយៈ​ពេល​៩​ខែ​នេះបាន​ធ្វើ​ការ​ហ្វឹក​ហ្វឺន​ បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ នៅ​តាម​បណ្តា​សាលា ​និង​កង​ឯកភាព​នា​នា​ នៅ​​ទូទាំង​ប្រទេស​ផង​ដែរ​។ កង​យោធ ពល​ខេមរ​ភូមិន្ទ​ បាន​ធ្វើ​ម្ចាស់​ការ​លើ​ការ​ពង្រឹង​ និង​ការ​ពារ​នៅ​តាម​បណ្តោយ​ព្រំ​ដែន​និង​បណ្តា​កោះ​មួយ​ចំនួន​ ព្រម​ទាំង​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​​ជា​មួយ​ប្រទេស​ជិត​ខាង​។ យើង​បាន​ម្ចាស់​ការ​ និង​សហប្រតិបត្តិការ​បាន​ល្អ​ ជា​មួយ​អាជ្ញាធរ​មូល​ដ្ឋាន​ ព្រម​ទាំង​សមត្ថ​កិច្ច​គ្រប់​ជាន់​ថ្នាក់​ ក្នុង​ការ​អនុវត្ត​ច្បាប់​ ទប់​ស្កាត់​រាល់​បទ​ល្មើស​ផ្សេងៗ ​ដើម្បី​ឱ្យ​ភូមិ ឃុំ មាន​សុវត្ថិភាព​។សម្រាប់​ទិស​ដៅ​អនុវត្ត​ន៍បន្ត​នៅ​ក្នុង​ត្រី​មាស​ទី៤​ របាយ​ការណ៍​បាន​ដាក់​ចេញ​នូវ​ទិស​ដៅ​ឱ្យគ្រប់​បណ្តា​អង្គភាព​ កង​យោធពល​ខេមរ​ភូមិន្ទ​បន្ត​អនុវត្ត​ន៍ផែន​ការ​កែ​ទម្រង់​កង​យោធ ពល​ខេមរភូមិន្ទ​ បន្ត​ពង្រឹង​ប្រៀប​ការ​ពារ​ជាតិ​ នៅ​តាម​ព្រំដែន​ ត្រៀម​គ្រប់​លក្ខណៈ​ចុះ​ជួយ​សង្រ្គោះ​ប្រជាពល​រដ្ឋ​នៅ​ពេល​មាន​គ្រោះធម្ម​ជាតិ​កើត​ឡើង ​និង​បន្ត​រួម​សហការ ​ការ​ពារ​សន្តិសុខ ​សុវត្ថិភាព​ ជូន​ប្រជាពល​រដ្ឋ​តាម​មូល​ដ្ឋាន​ឱ្យបាន​ល្អ​ប្រសើរ​។​


នៅក្នុងឱកាស​នោះដែរ ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ព្រម​ទាំង​សមាជិក​អង្គ​ប្រជុំ​ទាំង​អស់​ក៏​បាន​ធ្វើ​ការ​ពិភាក្សា​លើ​ខ្លឹម​សារ​ របាយ​ការណ៍​បូក​សរុប​ការងារ​​៩​ខែ ​និង​ទិស​ដៅ​ត្រី​មាស​ទី៤ ​ដើម្បី​ដាក់​ចេញ​ឱ្យ​អនុវត្ត​ន៍សម្រេច​បាន​លទ្ធផល​ល្អ​បន្ថែម​ទៀត​។ ​បន្ទាប់​មក​ សម្តេច​​ពិជ័យ​សេនា​ ទៀ បាញ់ ​ក៏​បាន​បំពាក់​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧត្តម​សេនីយ៍ជូន​ចំពោះ ​ឯកឧត្តម ប៊ុន លើត ​រដ្ឋលេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ ​ដែល​ព្រះ​មហាក្សត្រ​ទើប​បាន​តែង​តាំង​ កាល​ពី​ពេល​ថ្មីៗ​កន្លង​មក​នេះ​ផង​ដែរ​៕

ដោយ សាយ សុន (រូបថត៖ក្រសួង​ការ​ពារ​ជាតិ)