ក្រុមហ៊ុន ឡង មេត អេហ្គ្រីខលឈ័រ គ្រោងនាំចេញចេកអំបូងលឿងទៅកាន់ប្រទេសចិន ចំនួន៣ម៉ឺនតោន​ ក្នុងឆ្នាំ២០១៩ខាងមុខ

AKP កំពត ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ — ក្រុមហ៊ុន ឡង មេត អេហ្គ្រីខលឈ័រ ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមអ្នកវិនិយោ គិនខ្មែរ និងក្រុមអ្នកវិនិយោគមកពីទីក្រុងហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន គ្រោងនឹង ធ្វើការនាំចេញចេកអំបូងលឿងប្រមាណ៣ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសចិន នៅក្នុង ឆ្នាំ២០១៩ ខាងមុខ។


លោកឧកញ៉ា ផែ ហុក ឈួន ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ឡង មេត អេហ្គ្រីខលឈ័រ បានបញ្ជាក់ថា ក្រុមហ៊ុនរំពឹងថានឹងប្រមូលផលចេកនៅដំណាច់ឆ្នាំនេះ ព្រម ទាំងធ្វើកែច្នៃ វេចខ្ចប់នាំចេញចេកអំបូងលឿងនៅខែមករា ដើមឆ្នាំ២០១៩ខាងមុខ ដែលមាន​បរិមាណចំនួន៣ម៉ឺនតោន ហើយនៅក្នុងឆ្នាំបន្តបន្ទាប់ក្រុមហ៊ុននឹងបង្កើតការនាំចេញទ្វេដង។

លោកឧកញ៉ាបានបន្ដថា ការវិនិយោគដំណាំចេកដ៏ធំដំបូងគេនៅកម្ពុជានេះគឺជាការចូលរួម ចំណែកដ៏សំខាន់មួយក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិតាមរយៈការផ្តល់ការងារ កាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាក៏ដូចជាជួយកាត់បន្ថយការចំណាកស្រុកផងដែរ។ លោកឧកញ៉ាបានបន្ថែមថា មកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបានដាំកូន ចេកបានជាង៣០០ហិកតា ដោយកូនចេកនីមួយៗត្រូវបានឆ្លងកាត់ការបង្កាត់ពូជចេញ​ពីជា​លិកា ការដាំដុះ និងថែទាំប្រកបដោយបច្ចេកទេសនិងស្តង់ដារ ដើម្បីតម្រូវចិត្ត ក៏ដូចជាស្រប តាមតម្រូវការនៃទីផ្សារនាំចេញ។ លើសពីនេះទៀត គឺគម្រោងវិនិយោគកសិដ្ឋានចម្ការចេក បានស្រូបយកកម្លាំងពលកម្មប្រមាណជា ៥០០នាក់ និងត្រូវស្រូបយក១.០០០នាក់បន្ថែម ទៀត ក្នុងដំណាច់ឆ្នាំ២០១៨នេះ ដើម្បីជួយធ្វើការប្រមូលផល និងកែច្នៃវេចខ្ចប់ផលចេកជាង ៣០.០០០តោន។ក្នុងពិធីសំណេះសំណាលបងប្អូនកសិករនិងចុះត្រួតពិនិត្យវឌ្ឍនភាពនៅកសិដ្ឋានចម្ការចេកក្រុមហ៊ុនឡងមេតអេហ្រ្គីខលឈ័រ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិ ដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ឯកឧត្តម​ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសមិទ្ធផលនានាដែល​ក្រុមហ៊ុន​សម្រេចបាន ក្នុងរយៈពេលដ៏ខ្លី ពិសេស ភាពឆ្លាតវៃរបស់ក្រុមហ៊ុនដែលបានចាប់​យកឱកាស​ធ្វើការវិនិយោគកសិដ្ឋានចម្ការចេកអំបូងលឿងចំពេលដែលទីផ្សារចេកនៃប្រទេសចិន ត្រូវបាន​បើកជូនកម្ពុជាតាមរយៈការចុះពិធីសារស្តីពីលក្ខខណភូតគាមអនាម័យសម្រាប់ការនាំចេកកម្ពុជាទៅកាន់ប្រទេសចិនរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គរដ្ឋបាល​គយនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ កន្លងមកនេះ។ ឯកឧត្តមបានបន្ដថា សមិទ្ធផលនេះ គឺស្តែងចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុង ការលើកស្ទួយវិស័យកសិកម្ម និងប្រែក្លាយវិស័យកសិកម្មទៅជាកសិ-ឧស្សាហកម្ម និងវិស័យ ឯកជនទៅជាកសិពាណិជ្ជករ រួមជាមួយការជំរុញធ្វើទំនើបកម្មកសិកម្ម ដើម្បីបង្កើនការ ទុកចិត្តពីអ្នកបញ្ជាទិញ និងបង្កើនប្រាក់ចំណូលដល់ក្រុមហ៊ុន និងកម្មករ។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ដោយសង្គេតឃើញថា ក្រុមហ៊ុនបាននិងកំពុងអនុវត្តស្រប តាម​គោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដូចជាការធ្វើទំនើបកម្មកសិកម្ម ការ​បង្កើតការងារយ៉ាងច្រើនជូនប្រជាពលរដ្ឋ ជាពិសេសការលើកកម្ពស់ធនធានមនុស្សក្នុងស្រុក ដោយផ្តល់ការងារជូននិស្សិតដែលបានបញ្ចប់ពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងសាលា​ជាតិកសិកម្ម។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យបុគ្គលិកបម្រើការងារក្នុងកសិដ្ឋាន ទាំងអស់ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញការងារ និងបង្កើនភាពប្រុងប្រយ័ត្ន ដើម្បីជា ប្រយោជន៍ដល់ក្រុមហ៊ុនក្នុងការធានាដល់គុណភាព និងនិរន្តរភាពនៃទីផ្សារ ហើយក៏ជា ប្រយោជន៍ដល់ខ្លួនឯងផងដែរក្នុងការធានាដល់ការរក្សាការងារ និងបង្កើនសមត្ថភាពខ្លួនឱ្យ កាន់តែមានភាពទូលំទូលាយ និងរីកចម្រើន។

សូមបញ្ជាក់ថា ក្រុមហ៊ុន ឡង មេត អេហ្គ្រីខលឈ័រ គឺជាការបណ្ដាក់ទុនវិនិយោគ រួមគ្នារវាងអ្នកវិនិយោគិនក្នុងស្រុក និងក្រៅស្រុក ដែលបានវិនិយោគក្នុងទឹកប្រាក់ចំនួន ៣២ លានដុល្លារអាម៉េរិក សម្រាប់ការដាំចេកអំបូងលឿង លើផ្ទៃដីជាង១.០០០ ហិកតា ក្នុង ដំណាក់កាលទី១ ស្ថិតនៅភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត៕ដោយ សំ សាម៉ន