ឯកឧត្តម យន្ត មីន ចុះពិនិត្យទីតាំងត្រៀមរៀបចំបុណ្យឆ្លងឆ្នាំសកល ២០១៨-២០១៩

AKP ព្រះសីហនុ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ — ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំកម្ម វិធីបុណ្យឆ្លងឆ្នាំសកល ២០១៨-២០១៩ នឹងឈានចូលមកដល់នាពេលខាងមុខ នៅឆ្នេរ ឯករាជ្យ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨។ឯកឧត្តម យន្ត មីន មានប្រសាសន៍ថា បុណ្យឆ្លងឆ្នាំសកល ២០១៨ ក៏មិនខុសពីឆ្នាំ កន្លងមកដែរ រដ្ឋបាលខេត្តគ្រោងរៀបចំព្រឹត្តិការណ៍បុណ្យឆ្លងឆ្នាំសកល នៅឆ្នេរឯករាជ្យ ដូច្នេះ យើងត្រូវរៀបចំកែលម្អសោភណភាព និងបរិស្ថានឱ្យមានភាព ទាក់ទាញភ្ញៀវទេសចរនិង ប្រជាពលរដ្ឋ ដើម្បីមកលេងកម្សាន្តខេត្តព្រះសីហនុ។

ឯកឧត្តមអភិបាលខេត្តបន្តថា តាមការណែនាំរបស់ក្រសួងទេសចរណ៍ ឱ្យរដ្ឋបាលខេត្ត ក្រុងបង្កើតព្រឹត្តិការណ៍ផ្សេងៗរាល់ ៣ខែម្តង ដូចជាការតាំងពិព័រណ៍ភូមិមួយ ផលិតផលមួយ និងការប្រគំតន្ត្រីទេសចរណ៍ និងកម្មវិធីផ្សេងៗទៀត ក៏ដូចជាការលើកកម្ពស់ផ្សព្វផ្សាយ វិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា ពិសេសការផ្សព្វផ្សាយវិស័យទេសចរណ៍ នៅខេត្តព្រះសីហនុ ដែលមានឆ្នេរខ្សាចសរស្អាត និងរមណីយដ្ឋាននៅតាមបណ្តាកោះមួយ ចំនួនក្នុងខេត្តព្រះសីហនុ។ ទាមទារឱ្យប្រជាពលរដ្ឋចូលរួម ក្នុងការរៀបចំថែរក្សាសម្អាត បរិស្ថាននៅតាមតំបន់ឆ្នេរ លំនៅឋាន និងតាមទីតាំងដែលតៀមសម្រាប់ប្រារព្ធពិធី ឱ្យបានស្អាតផងដែរ។

តាមកម្មវិធីបុណ្យឆ្លងឆ្នាំសកល ២០១៨-២០១៩ រដ្ឋបាលខេត្តព្រះសីហនុប្រារព្ធរយៈ ពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩-៣០ ខែធ្នូ ឆ្នាំ២០១៨ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ៕

ដោយ ងូ សុមុនី