គ្រូបង្គោលណាហ្គាវើលបង្ហាញមហិច្ឆតាបណ្តុះថ្នាលយុវជនឱ្យបានកាន់តែសម្បូរបែប សម្រាប់រដូវកាលថ្មី ២០១៩

AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ — គ្រូបង្គោលក្លិបបាល់ទាត់ណាហ្គាវើល ដែលទើបនឹងដឹកនាំ ក្រុមរបស់លោកឈ្នះជើងឯកលីគ កំពូលរដូវកាល២០១៨ បានបង្ហាញនូវមហិច្ឆតារបស់ខ្លួនថា លោកនឹងស្វះ ស្វែងយុវជនថ្នាល ឱ្យចូលរួមហ្វឹកហាត់ជាមួយក្លិបឱ្យបានកាន់តែសម្បូរបែបបន្ថែមទៀត ដើម្បីត្រៀមការពារ ម្ចាស់តំណែងជើងលីគ នារដូវកាល ២០១៩ ខាងមុខ។


លោក មាស ចាន់ណា បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ឱ្យដឹង​ថា មូលហេតុដែលលោកចង់បណ្តុះថ្នាលយុវជនឱ្យបានកាន់តែច្រើន គឺដោយសារនារដូវកាល ក្រោយមិនទាន់ដឹងថា កីឡាករចាស់ៗណាខ្លះនៅបន្តជួយក្លិបណាហ្គាវើលជាបន្តទៀត ឬក៏អត់ ម្យ៉ាងទៀតគោលការណ៍បណ្តុះថ្នាល យុវជន គឺនៅក្លិបណាក៏គេតែងតែធ្វើដូចគ្នា។

លោកអះអាងថា ដូច្នេះត្រូវតែស្វែងរកកីឡាបន្ថែម ជាពិសេសយុវជនថ្នាលមកពីខាងក្រៅ ពីព្រោះថា លោក ក៏ដូចជាថ្នាក់ដឹកនាំក្លិបមួយនេះមានគោលដៅចម្បងផងដែរ ក្នុងការផ្តល់ ឱកាសឱ្យបានកាន់តែច្រើនដល់កីឡាករជាយុវជនបានបង្ហាញសមត្ថភាព និងទទួលបទ ពិសោធន៍​ថ្មី សម្រាប់អាជីពបាល់ទាត់របស់ពួកគេ។ គ្រូបង្គោលរូបនេះមើលឃើញថា យុវជន ថ្នាលមូយចំនួនមកពីខាងក្រៅក្លិបធ្លាប់បានបង្ហាញសមត្ថភាពល្អៗ ច្រើនដែលធ្វើឱ្យលោកចាប់ អារម្មណ៍ហើយគ្រោងនឹងជ្រើសរើសពួកគាត់បណ្តុះបន្ថែមទៀត។លោក មាស ចាន់ណា បានលើកសរសើរដល់កីឡាករ ឆេង ម៉េង ដែលយុវជនរបស់ក្លិប ដែលលោកបានយកបណ្តុះបណ្តាលតាំងតែពីគេមានអាយុ១៤ឆ្នាំ។ គិតទល់នេះមាន រយៈពេល៥​ឆ្នាំហើយ ដែលកីឡាករ ឆេង ម៉េង បានអភិវឌ្ឍន៍សមត្ថភាពយ៉ាងល្អ ហើយគេក៏ជា ផ្នែកមួយដែលជួយក្លិបណាហ្គាវើល លើកពានលីគ កម្ពុជានៅឆ្នាំ២០១៨នេះដែរ។

សូមរម្លឹកថា ក្រុមណាហ្គាវើល ដែលឈ្នះជើងឯកនេះ គឺបានឆ្លងកាត់វគ្គសន្សំពិន្ទុចំនួន ២២ប្រកួត ដោយឈ្នះ១៨ប្រកួត, ស្មើ២ប្រកួត និងចាញ់២ប្រកួត ដោយមានពិន្ទុសរុប៥៦ពិន្ទុ ខណៈកីឡាករ Bisan George នៃក្លិបមួយនេះគ្រងស្បែកជើងមាស ដោយស៊ុតបញ្ចូលទីច្រើន​ជាងគេបានរហូតដល់ ២៨គ្រាប់៕

ដោយ ហេង ណាលីន