អភិបាលខេត្តតាកែវ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តអង្គក្រឡាញ់សែនជ័យ

AKP តាកែវ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ — ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ រួមជាមួយ នឹងលោក លោកស្រី អភិបាលរងខេត្តតាកែវ និងប្រធាន អនុប្រធានមន្ទីរអង្គ ភាពជុំវិញខេត្ត ព្រមទាំងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តអង្គ ក្រឡាញ់សែនជ័យ ដែលស្ថិតនៅក្នងឃុំគោកពលធិ៍ ស្រុកបូរីជលសា ខេត្តតាកែវ កាលពី ព្រឹកថ្ងៃអង្គារ​ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី០២​ ខែតុលា ឆ្នាំ២០១៨។

មានប្រសាសន៍សំណេះសំណាលទៅកាន់ព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋដែលបានចូលរួមកាន់បិណ្ឌក្នុងពេលនោះ ឯកឧត្តម អ៊ូច ភា ថ្លែងថា ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត ដែលប្រជាពលរដ្ឋក្នុងព្រះរាជា ណាចក្រកម្ពុជាបានប្រារព្ធ ធ្វើមិនដែលអាក់ខាន តាំងពីបុរាណរៀងមក។ ជារៀងរាល់ឆ្នាំនៅពេលដែលថ្ងៃ ខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ហើយបងប្អូនកូនចៅ សាច់ញាតិសន្តានទាំងអស់នោះ ទោះនៅទីជិត ឬទីឆ្ងាយតែងតែធ្វើដំណើរទៅជួបជុំ ឪពុក ម្តាយ បងប្អូនកូនចៅនៅស្រុកកំណើត។ ពេលជួបជុំគ្នាបានរៀបចំម្ហូបអាហារ បាយសម្ល ជាចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅតាមវត្តអារាម ព្រមទាំងឧទ្ទិស កុសលដល់ញាតិសន្តានដែលបានចែកឋានទៅកាន់លោកខាងមុខ។

ឯកឧត្តម អ៊ូច ភា មានប្រសាសន៍បន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាលក្រោមការ ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យវិស័យពុទ្ធចក្រ និងអាណាចក្រនៅ ក្នុងប្រទេសកម្ពុជាយើងកំពុងតែមានការរីកចម្រើនទន្ទឹមគ្នា។ សំណង់វត្តអារាមនៅ ទូទាំងប្រទេសកាន់តែមានការរីកចម្រើនដុះដាលឡើង សាលារៀននៅក្នុង វិស័យព្រះពុទ្ធសាសនា ក៏ត្រូវបានបង្កើតឡើងជាហូរហែដើម្បីបណ្តុះបណ្តាល នៅក្នុងវិស័យពុទ្ធចក្រ។ សំណង់ដែលកើតឡើងទាំងអស់នេះភាគច្រើនបានមកពីការ ចូលរួមកសាងពីសណាក់បងប្អូនពុទ្ធបរិស័ទចំណុះជើងវត្ត និងបងប្អូនពុទ្ធបរិស័ទ ជិតឆ្ងាយព្រមទាំងការចូលរួមពីបងប្អូនខ្មែរនៅក្រៅប្រទេសផងដែរ។ និយាយជារួមវិស័យ ព្រះពុទ្ធសាសនានៅក្នុងប្រទេសកម្ពុជាយើងពីមួយថ្ងៃ ទៅមួយថ្ងៃមានការរីក ចម្រើនទៅមុខជានិច្ច។

ឯកឧត្តម អ៊ូច ភា មានប្រសាសន៍បន្ថែមថា សព្វថ្ងៃនៅក្នុងខេត្តតាកែវមានវត្តចំនួនជាង ៣០០វត្ត និងមានព្រះសង្ឃចំនួនជាង ៣០០០អង្គ ហើយនៅក្នុងពិធីបុណ្យកាន់ បិណ្ឌក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ​ យើងសង្កេតឃើញបងប្អូនពុទ្ធបរិស័ទខ្មែរ យើងយ៉ាងច្រើនកុះករ បាននាំគ្នាមកចូលរួមនៅក្នុងពិធីកាន់បិណ្ឌនេះ។ ស្ថានភាពនេះបង្ហាញពីការរីកចម្រើនរបស់ប្រទេសជាតិ មានសុខសន្តិភាពមានការអភិវឌ្ឍ ដែលនាំឱ្យបងប្អូនប្រជាពលរដ្ឋមានជីវភាពធូរធារនៅពេលដែលវិស័យអាណាចក្រមានការរីកចម្រើន វិស័យពុទ្ធចក្រក៏មានការរីកចម្រើន ដែរ តាមរយៈការចូលរួមធ្វើបុណ្យទាន របស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវក៏បាន អំពាវនាវឱ្យបងប្អូនពុទ្ធ បរិស័ទទាំងអស់ដែលមានជំនឿលើព្រះពុទ្ធសាសនា សូមបន្តចូលរួមធ្វើបុណ្យដាក់ទាន ជួយកសាងវត្តអារាម សាសារៀន និង ជាពិសេសកសាងអំពើល្អឱ្យបានគ្រប់ៗគ្នា ដើម្បីធ្វើយ៉ាងណាឱ្យសង្គមជាតិយើងក្លាយជាសង្គមដែលគ្មានអំពើហិង្សា និងជាសង្គមដែល មានតែវប្បធម៌សន្តោសប្រណីដល់គ្នាទៅវិញទៅមក៕

ដោយ អ៊ុច​​​ សៀង