អ៊ីរ៉ង់ថា ស្ថានភាពមិនទាន់ហុចឱ្យទេសម្រាប់ធ្វើកិច្ចចរចាជាមួយ ស.រ.អា

AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ — Prss TV បានដកស្រង់សំដីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ម៉ូហាម៉ាដ ចាវ៉ាដ ហ្សារីហ្វ ( Mohammad Javad Zarif ) ដែលនិយាយកាលពីថ្ងៃអង្គារថា អ៊ីរ៉ង់នឹងមិនអង្គុយចរចាជាមួយ ស.រ.អា លើបញ្ហាដែលមានស្រាប់ទេ នៅពេលដែលស្ថានភាពនានាមិនទាន់ហុចឱ្យនោះ។

លោក ហ្សារីហ្វ បាននិយាយថា ខ្ញុំមិនច្រានចោលសេចក្តីសង្ឈឹមធ្វើកិច្ចចរចា(ជាមួយក្រុងវ៉ាស៊ីង តោន )ទេឱ្យតែមានស្ថានភាព ដែលចាំបាច់សម្រាប់ធ្វើកិច្ចចរចានឹងដែលអាចទុកចិត្តបាន ។ ពួកអាជ្ញាធរអ៊ីរ៉ង់បានសង្កត់ធ្ងន់ថា ក្រុងតេហេរ៉ង់នឹងមិនអង្គុយធ្វើកិច្ចចរចានៅក្រោមការគំរាមកំហែង និងការកៀបសង្កត់ដាក់ទណ្ឌកម្មរបស់ក្រុងវ៉ាស៊ីងតោននោះឡើយ ។

បន្ទាប់ពីការសម្រេចចិត្តរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដើម្បីចាកចេញពីកតិកា សញ្ញានុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីថ្ងៃទី៨ ខែឧសភា មក ស.រ.អា បានប្តេជ្ញាដាក់ទណ្ឌកម្មឡើយ ដែលបានលុបចោលនៅក្រោមកិច្ចព្រមព្រៀងនោះលើប្រទេសអ៊ីរ៉ង់ ព្រមទាំងដាក់ទោសដូចជាទណ្ឌកម្មបន្ទាប់បន្សំលើ បណ្តាប្រទេសដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ។

ការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដ៏សំខាន់នេះ ត្រូវបានគេរិះគន់នៅទូទាំងពិភព លោក ។ សម្ព័ន្ធមិត្តអឺរ៉ុបសំខាន់ៗរបស់ខ្លួនខ្លះបាននឹងកំពុងធ្វើការដើម្បីការពារកិច្ចព្រមព្រៀងឆ្នាំ ២០១៥នេះ កុំឱ្យខូចខាតទៅវិញ ។

រដ្ឋការបស់លោក ត្រាំ បានអំពាវនាវឱ្យធ្វើកិច្ចចរចាឡើងវិញ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ក៏ដូចជាការអភិវឌ្ឍកម្មវិធីមីស៊ីលរបស់ក្រុងតេហេរ៉ង់ ។ ប្រទេសអ៊ីរ៉ង់បានច្រានចោលនូវលទ្ធភាពនៃកិច្ចចរចាលើផែនការការពារនេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)