លោក ពុំពីអូ​ នឹងធ្វើដំណើរទៅកាន់កូរ៉េខាងជើងនាថ្ងៃទី០៧ ខែតុលា ខាងមុខនេះ ដើម្បីជួបប្រជុំជាមួយលោក គីម

AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ — ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃអង្គារថា​ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ិក ពុំពីអូ​ នឹងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងនាសប្តាហ៍ក្រោយនេះ ដើម្បីជួបប្រជុំជាមួយ​មេដឹក​នាំរបស់ប្រទេសនេះ លោក ​គីម ជុង-អ៊ុន​។


លោក ពុំពីអូ នឹងធ្វើទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងនាថ្ងៃអាទិត្យ ខណៈដែលអាមេរិក​កំពុងជំរុញឱ្យរុះរើកម្មវិធីអាវុធនុយក្លេអ៊ែរ​របស់របបនេះ ហើយចាប់ផ្តើមកិច្ចប្រជុំកំពូល​ជាលើក​ទី២ មួយ​រវាងប្រធានាធិបតីលោក ដូណាល់ ត្រាំ និងលោក គីម។

នៅឯកិច្ចប្រជុំកំពូលលើកដំបូងរបស់ពួកគេ នៅប្រទេសសិង្ហបុរី​ កាលពីខែ មិថុនាកន្លង​ទៅ លោក គីម បានព្រមព្រៀងក្នុងការធ្វើការងារ​ឆ្ពោះទៅរកការបញ្ចប់ការធ្វើមិនឱ្យមាន​នុយ​ក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ ជាការផ្លាស់ប្តូរទៅនឹងការធានាផ្នែកសន្តិសុខ​ពីសហរដ្ឋអា​មេរិក។ កិច្ចចរចានានារវាងភាគីទាំងពីរ​ត្រូវបានជាប់គាំង​ចាប់តាំងពីសហរដ្ឋអាមេរិក ទាមទារ​ឱ្យបង្កើតជាជំហាននានា​ឆ្ពោះទៅរកការរំសាយនុយក្លេអ៊ែរ ហើយកូរ៉េខាងជើង​ទទូចឱ្យធ្វើការ​ប្រកាសជាដំបូងមួយក្នុងការបញ្ចប់សង្រ្គាមកូរ៉េឆ្នាំ ១៩៥០-៥៣។

ស្ត្រីអ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Heather Nauert បានប្រាប់​សារព័ត៌មាន​ជាទៀងទាត់ដោយសង្ខេបថា លោក ពុំពីអូ នឹងត្រូវកត់សម្គាល់ជាដំណើរ​ទស្សនកិច្ចលើកទី៤របស់លោក ទៅកាន់ទីក្រុងព្យុងយ៉ាង​បន្ទាប់ពីដំណើរទស្សនកិច្ច​កាលពី​លើក​មុន​កាលពីខែសីហាកន្លងទៅនេះ ត្រូវបានប្រាប់ឱ្យផ្អាកដោយលោក ត្រាំ ចំពោះអ្វីដែល​លោក​បានហៅថា ជាកម្សោយមួយនៃដំណើរការនៅក្នុងការធ្វើមិនឱ្យមាននុយក្លេអ៊ែរ។ ការ​ចរចាទាំងនេះ គឺកំពុងដំណើរការនៅក្នុងទិសដៅដ៏ត្រឹមត្រូវ ហើយយើងមានអារម្មណ៍ជឿជាក់​គ្រប់គ្រាន់ចំពោះផែនការមួយនេះ ក្នុងការទៅដល់ទីនោះ ហើយបន្តធ្វើកិច្ចចរចា​គ្នា។

លោកស្រី Nauert បាននិយាយទៀតថា លោក ពុំពីអូ នឹងធ្វើទស្សកិច្ចនៅទីក្រុង​សេអ៊ូល​នៅថ្ងៃអាទិត្យ និងថ្ងៃចន្ទខាងមុខនេះផងដែរ ដើម្បីជួបប្រជុំជាមួយប្រធានាធិបតីកូរ៉េ​ខាង​ត្បូង​​លោក មូន ចា-អ៊ីន ​និងរដ្ឋមន្រ្តីការបរទេសលោកស្រី កាង គីយ៉ុង-វ៉ា។ នាថ្ងៃចន្ទ​នោះដែរ លោកនឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង​ កន្លែងដែលលោក នឹងធ្វើកិច្ចប្រជុំមួយ​ជាមួយបណ្តាសមភាគីចិនរបស់លោក៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )