កងកម្លាំងហ្វីលីពីនធ្វើឱ្យបរាជ័យផែនការសម្ងាត់បំផ្ទុះគ្រាប់បែក

AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ — អ្នកនាំពាក្យយោធាមួយរូបបានបញ្ជាក់អះអាងកាលពីថ្ងៃអង្គារថា កងកម្លាំងប្រដាប់អាវុធហ្វីលីពីន ( AFP ) កាលពីពេលថ្មីៗនេះ បានធ្វើឱ្យបរាជ័យផែនការសម្ងាត់បំផ្ទុះគ្រាប់បែកមួយ ដែលអាចសម្លាប់ពួកជនស៊ីវិល នៅក្នុងប្រទេសហ្វីលីពីន​ភាគខាងត្បូង ។

វរសេនិយឯក​ Noel J Detoyato ប្រធានការិយាល័យកិច្ចការសាធារណៈរបស់ AFP បាននិយាយថា កងទ័ពរដ្ឋាភិបាលនៅក្នុងខេត្ត Maguindanao មកពីប្រទេសហ្វីលីពីន​ភាគខាងត្បូង បានទទួលសេចក្តីថ្លែងការណ៍មួយថា មានគេកំពុងមានផែនការដឹកជញ្ជូនគ្រាប់បែកកែច្នៃ(IED)ដើម្បីបើកធ្វើការវាយប្រហារមួយ។

អ្នកនាំពាក្យនោះបាននិយាយថា នៅពេលនោះពួកទាហាន បានបញ្ឈប់រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងនៅឯចំណុចឆែកឆេរក្នុងទីក្រុងឈ្មោះ Datu Odin Sinsuat មកពីខេត្ត Maguindanao ហើយបានរកឃើញ IED ដែលគេសង្ស័យនៅក្នុងរថយន្តក្រុងនោះ កាលពីព្រឹកថ្ងៃចន្ទ ។
លោក Detoyato បាននិយាយថា ក្រុមដោះគ្រាប់បែកយោធា បានទៅដល់កន្លែងនោះ ភ្លាមៗ នឹងបានដោះយកដោយសុវត្ថិភាព​ IED ដែលគេសង្ស័យនោះ ។

ដោយផ្អែកលើប្រភពរបស់ខ្លួននោះ AFP បានប្រកាសថា ក្រុមជ្រុលនិយមយុទ្ធជនសេរីភាពអ៊ីស្លាម បាងសាម៉ូរ៉ូ ( BIFF ) កំពុងមានផែនការដឹក IED ព្រមទាំងធ្វើការវាយប្រហារភេរវកម្មមួយក្នុងទីក្រុង កូតាបាតូ ជាទីក្រុងយ៉ាងសំខាន់មួយក្នុងប្រទេសហ្វីលីពីន​ភាគខាងត្បូង ។

លោក Carlito Galvez នាយសេនាធិការ AFP បាននិយាយថា យោធានឹងបន្តបង្កើនចំណុចឆែកឆេរ ព្រមទាំងធ្វើប្រតិបត្តិការប្រឆាំងនឹងក្រុមភេរវកម្ម និងជ្រុលនិយមទាំងអស់ ដែលបង្កការ​គំរាមកំហែងមួយដល់ប្រទេសហ្វីលីពីន។​លោកក៏បានអំពាវនាវផងដែរ ដល់ប្រជាជនហ្វីលីពីនឱ្យមានការប្រុងប្រយ័ត្ន ។

BIFF ក្រុមជ្រុលនិយមដែលបណ្តុះគំនិត Daesh នោះក៏ត្រូវបានគេស្តីបន្ទោសផងដែរ ចំពោះការធ្វើការវាយប្រហារភេរវកម្មពីក្នុងពេល ២ខែកន្លងទៅនេះ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៥នាក់ នឹងរបួសជាង ៤០នាក់ក្នុងប្រទេសហ្វីលីពីន​ភាគខាងត្បូង តែយ៉ាងណាក៏ដោយ BIFF បានបដិសេធការចោទប្រកាន់នេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )