សិក្ខាសាលាពិភាក្សាដំណោះស្រាយវិវាទពាណិជ្ជកម្មប្រារព្ធឡើងនៅខេត្ត Nghe An

AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០១៨ — កាលពីថ្ងៃទី០២ ខែតុលា សិក្ខាសាលាមួយ ស្តីពីការដោះស្រាយវិវាទពាណិជ្ជកម្មនៅក្នុងបដិវត្តន៍ឧស្សាហកម្មលើកទីបួនបានប្រព្រឹត្តទៅនៅទីក្រុង Vinh នៅខេត្ត Nghe An ភាគកណ្តាល។

ដោយសហការរៀបចំដោយសាជីវកម្មហិរញ្ញវត្ថុអន្ដរជាតិ មជ្ឈមណ្ឌលមជ្ឈត្តការអន្តរជាតិវៀតណាម (VIAC) និងក្រុមប្រឹក្សានៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) ព្រឹត្តិការណ៍នេះមានគោលបំណងផ្តល់ជូននូវការយល់ដឹងអំពីការសម្រុះសម្រួលផ្នែកពាណិជ្ជកម្ម ក៏ដូចជាដំណោះស្រាយវិវាទពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ដោយធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពប្រកួតប្រជែងរបស់ពួកគេ និងអនុញ្ញាតឱ្យពួកគេធ្វើការពង្រីកទីផ្សាររបស់ពួកគេផងដែរ។

អ្នកចូលរួមទាំងអស់បានយក់ដឹងអំពីច្បាប់ដែលមានស្រាប់ និងការគាំទ្ររបស់តុលាការក្នុងការដោះស្រាយវិវាទពាណិជ្ជកម្មតាមរយៈអាជ្ញាកណ្តាល និងយន្តការសម្រុះសម្រួល លក្ខខណ្ឌមួយចំនួននៃក្រមនីតិវិធីរដ្ឋប្បវេណីស្តីពីការទទួលស្គាល់លទ្ធផលនៃការផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ និងអនុក្រឹត្យលេខ 22/2017 / ND-CP ស្តីពីការផ្សះផ្សាពាណិជ្ជកម្ម។

អាជ្ញាកណ្តាលពាណិជ្ជកម្ម គឺជារឿងថ្មីមួយសម្រាប់អាជីវកម្មរបស់វៀតណាម ដូចដែលអនុក្រឹត្យលេខ 22/2017-ND-CP ត្រូវបានប្រកាសឱ្យប្រើកាលពីខែកុម្ភៈ ឆ្នាំ ២០១៧ ហើយ VIAC ត្រូវបានបង្កើតឡើងនៅខែឧសភា ឆ្នាំ ២០១៨ ។

លោក Phi Trong Duc ប្រធាននាយកដ្ឋានក្រុមប្រឹក្សា VCCI ប្រចាំខេត្តបានឱ្យដឹងថា វៀតណាមបានជាប់ចំណាត់ថ្នាក់ទី ៦៦ ក្នុងចំណោមប្រទេសចំនួន ១៩០ ក្នុងការអនុវត្តកិច្ចសន្យា និងការស្ទង់មតិក្នុងការទទួលបានឥណទានលើកទី ២៩ កាលពីពេលថ្មីៗនេះដែលធ្វើឡើងដោយធនាគារពិភពលោក។

លោក Pham Thi Thanh Huyen អ្នកឯកទេសហិរញ្ញវត្ថុជាន់ខ្ពស់ទទួលបន្ទុកកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់ IFC បាននិយាយថា អាជ្ញាកណ្តាលពាណិជ្ជកម្មត្រូវបានគេចាត់ទុកថា ជាមធ្យោបាយដែលមានប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទពាណិជ្ជកម្ម ដែលរួមចំណែកដល់ការបង្កើនទំនុកចិត្តក្នុងចំណោមក្រុមហ៊ុន និងសហគមន៍៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)