រដ្ឋបាលខេត្តកំពង់ស្ពឺប្តេជ្ញាអនុវត្តន៍តាមការអំពាវនាវរបស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍

AKP កំពង់ស្ពឺ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ –ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានប្រាប់AKP ឱ្យដឹងនៅ ថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស​២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ថា រដ្ឋបាលខេត្តកំពង់ស្ពឺបានត្រៀមលក្ខណៈសម្បត្តិរួចរាល់ហើយ ដើម្បីអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមការអំពាវនាវរបស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ ដែលបានអំពាវនាវឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ប្រកាន់យកចំណុចសំខាន់ៗចំនួន ១០ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ខាងមុខនេះ។

ឯកឧត្តមអភិបាលខេត្តបានឱ្យដឹងបន្តទៀតថា​ សេចក្តីអំពាវនាវទាំង១០ ចំណុចដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស  ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនោះ រួមមាន ទី១-ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ជាពិសេសត្រូវត្រួតពិនិត្យ កង់ ហ្វ្រាំង ភ្លើងបំភ្លឺជាដើម។ ទី២-សូមកុំផ្ទុកអ្នកដំណើរ ឬដឹកទំនិញលើសកំណត់ ចំពោះយានយន្តដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវផ្ទុកអ្នកដំណើរឬកម្មករលើដំបូល និងហាមដំឡើងថ្លៃក្នុងឱកាសនេះ។​ទី៣ ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត។ ទី៤-ត្រូវពាក់ខ្សែ ក្រវាត់សុវត្ថិភាពជានិច្ច។ ទី៥-ត្រូវគោរពអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។ ទី៦មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត។ ទី៧-មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត។ ទី៨-មិនត្រូវបត់ឬវ៉ាក្នុងភាពប្រថុយប្រថានឬធ្វេសប្រហែស ។ ទី៩មិនត្រូវបើក​បរក្នុងស្ថានភាពងងុយដេកជាដាច់ខាត។ ទី១០-ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយលីសធម៌ យោគយល់និងអធ្យាស្រ័យ

អាជ្ញាធរខេត្តកំពង់ស្ពឺ សង្ឃឹមនិងជឿជាក់លើស្មារតីចួលរួមរបស់ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ គោរពអនុវត្តន៍ច្បាប់ក៏ដូចជាអនុវត្តន៍សេចក្តីអំពាវនាវនេះ ដើម្បីនាំមកនូវសុវត្ថិភាព និងសេចក្តីរីករាយជាមួយក្រុមគ្រួសារក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ៕

ដោយ លឹម សាន្ត