ឯកឧត្តម យន្ត មីន បើកការដ្ឋានជួសជុលវីថីឯករាជ្យ ដែលរងការខូចខាតដោយទឹកភ្លៀង

AKP ព្រះសីហនុ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ –ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកការដ្ឋានជួសជុលវិថីឯករាជ្យ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីមន្ទីរ អង្គភាពជុំវិញខេត្ត នារសៀលថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ ។ 


   ឯកឧត្តម យន្ត មីន មានប្រសាសន៍ថា ដោយសារតែរដូវវស្សាឆ្នាំ២០១៨នេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់មានរយ:ពេល ៧១ថ្ងៃ បង្ករឱ្យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តព្រះសីហនុ រងនូវការខូចខាតយ៉ាងច្រើន ដែលតម្រូវឱ្យរដ្ឋបាលក្រុង និងរដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មានការខ្វល់ខ្វាយចំពោះការលំបាកក្នុងការធ្វើចរាចរ របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ ។          
  

ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ មេត្តាយោគយល់ដល់រដ្ឋបាលខេត្តព្រះសីហនុ ដោយសារតែរដូវវស្សាឆ្នាំ២០១៨នេះ ភ្លៀងធ្លាក់ឥតឈប់ធ្វើឱ្យការជួសជុលមានការយឺតយ៉ាវ ថ្ងៃនេះយើងចាប់ផ្តើមដំណើរការជួសជុលវីថីឯករាជ្យឡើងវិញ ខណ:ភ្លៀងបានបង្អុរកាន់តែធូរស្បើយ បង្កលក្ខណ:ងាយស្រួលដល់ក្រុមបច្ចេកទេសក្នុងការជួសជុល ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការ ដើម្បីឱ្យដំណើរការជួសជុលប្រព្រឹត្តទៅដោយរលូន ធានាបានបរិមាណនិងគុណភាពក្នុងការប្រើប្រាស់បានយូរ បន្ទាប់ពីការជួសជុលីថីឯករាជ្យ រដ្ឋបាលខេត្តនឹងបន្តធ្វើការជួសជុលផ្លូវផ្សេងៗទៀតនៅក្រុងព្រះសីហនុ ឱ្យកាន់តែប្រសើរឡើងវិញជាទីក្រុងទេសចរណ៍ និងសេដ្ឋកិច្ច 
    

លោក ណុប ហេង ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុបានឱ្យដឹងថា ការចាប់ផ្តើមជួសជុលវីថីឯករាជ្យឡើងវិញនាពេលនេះ ដោយក្រុមហ៊ុន (TCM) និងត្រួត ពិនិត្យ និងផ្តល់យោបល់លក្ខណ:បច្ចេកទេសដោយមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ការចាប់ផ្តើមដំបូងនៃការជួសជុល គឺចាប់ផ្តើមពីចំណុចរង្វង់មូលត្រីដូហ្វីនទល់មុខសាលាអនុវិទ្យាល័យសម្តេចឪ ស្ថិតនៅសង្កាត់លេខ៣ រហូតដល់ផ្លូវបំបែកស្ថានីយប្រេងឥន្ធន:សូគីម៉ិ តាមការរំពឹងទុកការជួសជុលអាចប្រើរយ:ពេលរហូតដល់បំណាច់ខែតុលា ឆ្នាំ២០១៨ ក្រោយពីការជួសជុលវីថីឯករាជ្យ យើងនឹងបន្តជួសជុលកំណាត់វិថីផ្សេងៗដែលរងការខូចខាតបន្តទៀត ដើម្បីធានាការធ្វើចរាចរបានងាយស្រួលជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ៕

ដោយ ងូ សុមុនី